សន្និបាទបូកសរុបលទ្ធផលការងារមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានរកឃើញបញ្ហាប្រឈមចំនួន៥ ដែលនឹងត្រូវធ្វើការដោះស្រាយ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារ ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។
លោក ចេង ស្រ៊ុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានថ្លែងថា សន្និបាតរយៈពេលពេញមួយព្រឹកនេះ រកឃើញបញ្ហាប្រឈមចំនួន៥ ក្នុងនោះ ៖
១.ការចុះបញ្ជីដីបច្ចុប្បន្ន គឺចុះដោយដៃផង (សរសេរផង វាយសម្រង់ផង ចុះ Ac) ក្នុងប្រព័ន្ធ ផង និងប្រព័ន្ធ Database CIS (ទាំង Hard និង Soft) ។
២.ការបញ្ជូនឯកសារទៅបង់ពន្ធ គួរពុំចាំបាច់ឱ្យម្ចាស់មកដកឯកសារនៅមន្ទីរទេ គឺអាចបញ្ជូនត្រង់ទៅសាខាពន្ធដារតែម្តង និងមិនបាច់បំពេញបែបបទស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិនោះទេ។

៣.គួរមានការពន្លឿននីតិវិធីចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ (បំពេញបន្ថែម) ដែលបច្ចុប្បន្ន មានដំណើរការរយៈពេលយូរ។ គប្បីស្នើសុំអាជ្ញាធរដែនដីជួយពន្លឿន។
៤.មន្ត្រីវាស់វែងមិនទាន់មានអាជ្ញា បណ្ណវាស់វែង ស្នើសុំក្រសួងជួយផ្តល់អាជ្ញាបណ្ណអ្នកវាស់វែងដល់មន្ត្រីមន្ទីរ។
៥.ស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍របស់ក្រុមហ៊ុនឯកជនបានមកដំឡើងនៅខេត្តព្រះសីហនុ ប៉ុន្តែ យើងមិនច្បាស់ថា មានការទទួលស្គាល់ពីក្រសួងដែរឬទេ។

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបិទសន្និបាតដោយអបអរ សាទរចំពោះការវាស់ស្ទង់ការងារឆ្នាំកន្លងមក និងលើកទិសដៅអនុវត្តបន្ត២០២៧ ដែលសន្និបាតរកឃើញបញ្ហាប្រឈមចំនួន៥។ រយៈពេល៣ឆ្នាំនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបាន ដាក់ចេញយុទ្ធសាស្ត្រដូចជា រួបរួមសាមគ្គីផ្ទៃក្នុង ការចុះបញ្ជីដីធ្លី ការលប់បំបាត់ទំនាស់ដីធ្លី ការកសាងរដ្ឋបាលសេវាទំនើប តាមបរិបទថ្មី ការរៀបចំដែនដីនគរូប នីយកម្ម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅមានភាពងាយស្រួល។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងដែនដីបន្តថា អ្វីដែលមន្ទីរត្រូវអនុវត្តបន្ត ត្រូវធ្វើផែនការដោះស្រាយសំអាតការងារចុះបញ្ជីដីធ្លីបញ្ចប់ឆ្នាំ២០២៦ ការធ្វើបច្ចុប្បន្នភាពការងាររបស់មន្ទីរផ្តោតលើការងារចុះបញ្ជីដីធ្លី ។ ហើយសម្រាប់ឆ្នាំ២០២៧ ក្រសួងដាក់ឱ្យអនុវត្តការរៀបចំដែនដីនគរូបនីយកម្ម ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់កសាងប្លង់គោលប្រើ ប្រាស់ដីធ្លី ជាពិសេសត្រូវរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ ក្រៅពីប្លង់គោល ការប្រើប្រាស់ដីធ្លី វាជារឿងសំខាន់ ដែលក្រសួងបានយកចិត្តទុកដាក់ វាយតម្លៃពីគុណភាព សមត្ថភាពទៅលើអគារចាស់ៗ ព្រោះវាជាការពាក់ព័ន្ធទៅនឹងការវិនិយោគ សាធារណៈ ចំពោះសំណង់ក្រោម ៥០០ម៉ែត្រការ៉េចេញដោយក្រុង ស្រុក ហើយ ៣ ០០០ម៉ែត្រការ៉េចេញដោយរដ្ឋបាលខេត្ត។

ចំពោះបញ្ហាប្រឈមដែលសន្និបាតរកឃើញ ឯកឧត្តម រដ្ឋលេខាធិការក្រសួងដែនដីបានណែនាំដូចជា៖
-១.បន្តពង្រឹងប្រសិទ្ធភាព គុណភាពលើការបំរើសេវាសុរិ យោដីជូនប្រជាពលរដ្ឋ។
-២.ចំពោះបញ្ហាវិវាទដីធ្លីត្រូវព្យាយាមដោះស្រាយ ដើម្បីបញ្ចប់ជំលោះដីធ្លីក្នុងមូលដ្ឋាន។
-៣.ប្រើប្រាស់ធនធានដំណើការកសាងដែនដីនគរូបនីយកម្ម ជាពិសេសប្លង់គោលប្រើប្រាស់ដី ដែលជារបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ នៃខេត្តទាំងបួន។

-៤.វិស័យសំណង់ មិនត្រូវមានសំណង់មិនរៀបរយបន្តទៀត នោះទេ។
-៥.វិស័យលំនៅឋានបន្តដោះស្រាយលំនៅឋានមិនរៀបរយដែលប៉ះពាល់ដល់នគរូបនីយកម្ម។ ក្រសួងដែនដីបានដាក់ចេញនូវគោលនយោបាយរៀបចំដូចជា -ទំនុំសុភមង្គល -បុរីជនបទ -និងភូមិឋានក្សេមក្សាន្ត ដែលជាគោលដៅរបស់ក្រសួងដែនដី៕
ដោយ ងូ សុមុនី





