កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA ត្រូវបានរំពឹងថានឹងជំរុញវិស័យពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាជិកចំនួន៤ នៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយ បន្ទាប់ពីកិច្ចចរចាត្រូវបានចាប់ផ្តើមឡើងវិញនៅក្នុងឆ្នាំ២០២៥ ក្នុងបរិបទដែលពាណិជ្ជកម្មសកលលោកកំពុងជួបប្រទះភាពមិនច្បាស់លាស់។
ប្រព័ន្ធផ្សព្វផ្សាយនោះបានឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយប្រទេសន័រវែស ស្វីស អ៊ីស្លង់ និងលីចតិនស្តែន ត្រូវបានចុះហត្ថលេខា បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចចរចានៅក្នុងខែកក្កដា ឆ្នាំ២០២៦។
ដំណើរការចរចានេះបានអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍ហើយបានចាប់ផ្តើមមានសន្ទុះខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យសេដ្ឋកិច្ចជាច្រើនស្វែងរកការធ្វើពិពិធកម្មទីផ្សារ និងពង្រីកភាពជាដៃគូ ដើម្បីកាត់បន្ថយហានិភ័យនានា។
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងបណ្តាប្រទេស EFTA មានទំហំជាមធ្យមប្រហែល ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ទីផ្សារ EFTA រួមមានគ្រឿងសមុទ្រ ស្បែកជើង វាយនភណ្ឌ និងសម្លៀកបំពាក់ គ្រឿងចក្រព្រមទាំងផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់។ ទន្ទឹមនឹងនេះវៀតណាមក៏បាននាំចូលគ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម ផលិតផលគីមីឱសថ និងវត្ថុធាតុដើមសម្រាប់ផលិតកម្មពីបណ្តាប្រទេស EFTA ផងដែរ។
ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលន័រវែសបានបញ្ជាក់ថា ទំនិញប្រហែល ៥០% ដែលន័រវែសនាំចេញទៅកាន់វៀតណាម នឹងត្រូវបានលើកលែងពន្ធនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ភាគរយនេះត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៩៨% ក្នុងរយៈពេល ៧ឆ្នាំបន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





