អាស៊ានត្រូវបានជំរុញឱ្យចាត់វិធានការបង្ក្រាបការបោកប្រាស់តាមអនឡាញ និងការបោកប្រាស់ឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- លោក ចនវីក រ៉េមុលឡារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋបាលមូលដ្ឋាននៃប្រទេសហ្វីលីពីន បានជំរុញឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានធ្វើទំនើបកម្មវិធីសាស្ត្រក្នុងការឆ្លើយតបទៅនឹងបណ្តាញឧក្រិដ្ឋកម្មដែលកាន់តែមានភាពស្មុគស្មាញ និងទំនើប។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ (AMMTC 20) នៅទីក្រុងម៉ាកាទីរបស់ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីរបស់លោក ដែលបាននិយាយថា ការបោកប្រាស់តាមអនឡាញ ការលាងលុយកខ្វក់ និងការជួញដូរគ្រឿងញៀន គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ខណៈដែលបច្ចេកវិទ្យាបានអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនពង្រីកសកម្មភាពរបស់ពួកគេឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះហើយ កិច្ចសហប្រតិបត្តិការក្នុងតំបន់ចាំបាច់ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីការពារប្រជាពលរដ្ឋពីការគំរាមកំហែងផ្នែកសន្តិសុខថ្មីៗដែលកំពុងលេចឡើង។
របៀបវារៈសំខាន់មួយនៃកិច្ចប្រជុំនេះ គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដែលបានលើកឡើងអំពីហានិភ័យពាក់ព័ន្ធនឹងមាតិកាដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ រដ្ឋមន្ត្រីទាំងឡាយក៏បានពិភាក្សាគ្នាអំពីរបាយការណ៍ថ្នាក់តំបន់លើកដំបូងរបស់អាស៊ាន ស្តីពីការជួញដូរមនុស្ស ដោយបានបង្ហាញពីសមិទ្ធផលនានាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះផងដែរ។
យោតាមរូបលោក រ៉េមុលឡា បានឱ្យដឹងថា អាស៊ាន និងដៃគូសន្ទនារបស់ខ្លួន រួមមាន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសចិនដែលកំពុងធ្វើការរួមគ្នាដើម្បីជំរុញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស អំពើភេរវកម្ម និងឧក្រិដ្ឋកម្មសាយប័រ។
ក្រៅពីទម្រង់ឧក្រិដ្ឋកម្មបែបប្រពៃណី រដ្ឋមន្ត្រីទាំងឡាយក៏បានពិភាក្សាគ្នាអំពីការគំរាមកំហែងដែលពាក់ព័ន្ធនឹងអំពើជ្រុលនិយមហិង្សា ដែលជំរុញដោយមនោគមវិជ្ជាបំផ្លិចបំផ្លាញផងដែរ។ លោក រ៉េមុលឡា បានសង្កត់ធ្ងន់ថាការចែករំលែកព័ត៌មានសម្ងាត់ឱ្យកាន់តែច្រើន ការគ្រប់គ្រងព្រំដែន និងការសម្របសម្រួលការអនុវត្តច្បាប់រវាងបណ្តាប្រទេសនៅអាស៊ាន នៅតែជាវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព៕





