ឡាវជំរុញអភិបាលកិច្ចឌីជីថល និងការអភិវឌ្ឍជំនាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- ព្រឹត្តិការណ៍ «សប្តាហ៍ឌីជីថលឡាវ ឆ្នាំ២០២៦» បានចាប់ផ្តើមឡើងនៅរដ្ឋធានីវៀងចន្ទន៍ កាលពីពេលថ្មីៗនេះ ដោយព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ រៀបចំឡើងដោយក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនងនៃប្រទេសឡាវ ដែលដើរតួនាទីជាវេទិកាកម្រិតខ្ពស់សម្រាប់មន្ត្រី និងអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនជាក់ស្តែង វាយតម្លៃឱកាស និងបញ្ហាប្រឈមព្រមទាំងពិភាក្សាអំពីទិសដៅនាពេលអនាគត។ សកម្មភាពទាំងនេះនឹងជួយជំរុញដំណើរការផ្លាស់ប្តូរទៅជាឌីជីថលឱ្យកាន់តែទូលំទូលាយ មានខ្លឹមសារស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក សាន់ទីស៊ុក ស៊ីម៉ាឡាវង្ស រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនងនៃប្រទេសឡាវ បានសង្កត់ធ្ងន់ថារដ្ឋាភិបាលឡាវបាននិងកំពុងធ្វើបច្ចុប្បន្នភាពគំនិត និងវិធីសាស្ត្រការងាររបស់ខ្លួនយ៉ាងសកម្មឆ្ពោះទៅរកទំនើបកម្ម ព្រមទាំងកែលម្អយន្តការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា ទំនើបកម្ម និងការអនុវត្តបច្ចេកវិទ្យាឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងរដ្ឋបាលរដ្ឋ ការអភិបាលកិច្ចសាធារណៈ សកម្មភាពផលិតកម្ម និងអាជីវកម្ម ព្រមទាំងការកែលម្អគុណភាពរស់នៅរបស់ប្រជាជន។
ដោយពិនិត្យមើលបរិបទនៃការអភិវឌ្ឍ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា បច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនក្នុងល្បឿនយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក ហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាសកល។ បច្ចេកវិទ្យាដើរតួនាទីជាកត្តាជំរុញ ដែលអនុញ្ញាតឱ្យមនុស្សអាចតភ្ជាប់គ្នាបានដោយគ្មានដែនកំណត់ ព្រមទាំងជួយបង្កើនល្បឿន ភាពត្រឹមត្រូវ តម្លាភាព និងប្រសិទ្ធភាព។ ជាពិសេស ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) កំពុងជំរុញឱ្យមានបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យនានាជុំវិញពិភពលោក ដែលតម្រូវឱ្យប្រទេសឡាវចាំបាច់ត្រូវតាមឱ្យទាន់និន្នាការនេះ។
យោងតាមគណៈកម្មាធិការរៀបចំកម្មវិធី ព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាតាមប្រធានបទផ្សេងៗ ព្រឹត្តិការណ៍តភ្ជាប់បណ្តាញបច្ចេកវិទ្យាទ្រង់ទ្រាយធំ ដែលមានស្តង់ជាង១០០ សម្រាប់ការដាក់តាំងបង្ហាញផលិតផល និងដំណោះស្រាយឌីជីថល ព្រមទាំងមានការប្រកួតប្រជែងផ្នែកនវានុវត្តន៍បច្ចេកវិទ្យា និងកម្មវិធីនានាដែលពាក់ព័ន្ធនឹងអាជីវកម្មចាប់ផ្តើមថ្មី។
សកម្មភាពទាំងនេះមានគោលបំណងលើកកម្ពស់សមិទ្ធផលនានាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ជាពិសេសការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យសាធារណៈ សហគមន៍ធុរកិច្ច និងគ្រឹះស្ថានអប់រំ ទាំងនៅក្នុងប្រទេសឡាវ និងក្នុងតំបន់ទាំងមូល៕





