កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាប្រយុទ្ធស្វ័យប្រវត្តិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- យោងតាមការបញ្ជាក់ពីកងទ័ពអាកាសកូរ៉េខាងត្បូង បានឱ្យដឹងថា កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើលិខិតបង្ហាញចេតនា (LOI) ស្តីពីកិច្ចសហប្រតិបត្តិការលើវេទិកាប្រយុទ្ធស្វ័យប្រវត្តិ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហការលើប្រព័ន្ធប្រយុទ្ធដែលមានមនុស្សបញ្ជា និងគ្មានមនុស្សបញ្ជា។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា លិខិតបង្ហាញចេតនានេះនឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរវាងមេបញ្ជាការកងទ័ពអាកាសនៃប្រទេសទាំងពីរ គឺលោកឧត្តមសេនីយ៍ សុន ស៊ូករ៉ាក (Son Sug-rag) និងលោកឧត្តមសេនីយ៍ កេនណេត វីលស៍បាច (Kenneth Wilsbach) នៃសហរដ្ឋអាមេរិក។
វេទិកា Autonomous Collaborative Platform ឬ ACP សំដៅលើប្រព័ន្ធស្វ័យប្រវត្តិមួយ ដែលត្រូវបានរចនាឡើងដើម្បីធ្វើការសហការជាមួយយន្តហោះដែលមានមនុស្សបញ្ជា និងឧបករណ៍ផ្សេងទៀតដែលគ្មានមនុស្សបញ្ជា សម្រាប់អនុវត្តបេសកកម្មតាមអាកាស។
ការធ្វើការរួមគ្នារវាងប្រព័ន្ធដែលមានមនុស្សបញ្ជា និងគ្មានមនុស្សបញ្ជានេះ ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រតិបត្តិការតាមអាកាសជំនាន់ក្រោយ ដោយវាជួយកាត់បន្ថយហានិភ័យដល់អ្នកបើកបរយន្តហោះ ព្រមទាំងបង្កើនវិសាលភាពប្រតិបត្តិការ និងឱកាសនៃការរស់រានមានជីវិតសម្រាប់បុគ្គលិកអាកាសចរណ៍យោធាបានយ៉ាងច្រើន។
កិច្ចសហការនេះកើតឡើងក្នុងពេលដែលកងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងជំរុញការអភិវឌ្ឍ និងការដាក់បញ្ចូលប្រព័ន្ធយន្តហោះប្រយុទ្ធគ្មានមនុស្សបញ្ជាទៅក្នុងប្រតិបត្តិការជាក់ស្តែង។
កងទ័ពអាកាសកូរ៉េខាងត្បូងក៏កំពុងខិតខំរៀបចំមូលដ្ឋានគ្រឹះ ដើម្បីធានាឱ្យមានសមត្ថភាពប្រតិបត្តិការសម្រាប់ប្រព័ន្ធគ្មានមនុស្សបញ្ជាទាំងនេះផងដែរ។
កងទ័ពអាកាសកូរ៉េខាងត្បូងបានឱ្យដឹងថា ដោយផ្អែកលើកិច្ចសហការនេះ កងទ័ពអាកាសនៃប្រទេសទាំងពីរមានផែនការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអភិវឌ្ឍគោលគំនិតប្រតិបត្តិការ និងសមត្ថភាពធ្វើការរួមគ្នាសម្រាប់ប្រព័ន្ធប្រយុទ្ធគ្មានមនុស្សបញ្ជានាពេលអនាគត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





