គុយបាស្វែងរកការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ខណៈការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនៅតែបន្តអូសបន្លាយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅទីក្រុងសេអ៊ូលបានថ្លែងថា ប្រទេសគុយបាកំពុងស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងត្បូង ខណៈដែលខ្លួនកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច និងថាមពល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងហាវ៉ាណា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ឯកអគ្គរដ្ឋទូត ក្លូឌីអូ រូល ម៉ុនហ្សុន បេហ្សា (Claudio Raul Monzon Baeza) បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទថា មុនពេលការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយលើសេចក្តីសម្រេចប្រចាំឆ្នាំរបស់ប្រទេសគុយបា ដែលអំពាវនាវឱ្យបញ្ចប់ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។
លោក ម៉ុនហ្សុន បាននិយាយថា៖ «មានវិធានការ និងទណ្ឌកម្មថ្មីៗជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។នេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ដែលមានគោលបំណងបង្កឱ្យមានវិបត្តិមនុស្សធម៌ តាមរយៈការច្របាច់កសេដ្ឋកិច្ច»។
ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្ម ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងសេវាសាធារណៈរបស់ប្រទេសគុយបា រួមទាំងវិស័យសុខាភិបាលផងដែរ។ លោកបានបន្ថែមថា៖ «ទោះបីមិនមែនជាស្ថានភាពដ៏អាក្រក់បំផុតក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏វាជាស្ថានភាពដ៏អាក្រក់បំផុតមួយ ដែលយើងធ្លាប់បានឆ្លងកាត់»។
ចាប់តាំងពីឆ្នាំ១៩៩២ មក ប្រទេសគុយបាតែងតែដាក់ស្នើសេចក្តីសម្រេចប្រចាំឆ្នាំប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយឆ្នាំនេះក៏មិនមានករណីលើកលែងដែរ ដោយការបោះឆ្នោតត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែតុលា។
លោក ម៉ុនហ្សុន បាននិយាយថា៖ «មានការឯកភាពគ្នាដ៏ច្បាស់លាស់និងមិនអាចប្រកែកបាននៅក្នុងសហគមន៍អន្តរជាតិ អំពីភាពចាំបាច់ក្នុងការបញ្ចប់គោលនយោបាយដ៏អយុត្តិធម៌ និងខុសច្បាប់នេះជាបន្ទាន់ ដោយមិនគិតពីជំហរនយោបាយរបស់រដ្ឋាភិបាលនីមួយៗ ឬសម្ព័ន្ធភាពអន្តរជាតិឡើយ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





