ចក្រភពអង់គ្លេស និងអូម៉ង់ ឯកភាពគ្នាលើភាពចាំបាច់ក្នុងការបើកច្រកសមុទ្រហ័រមូស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក អានឌី ប័រណាម (Andy Burnham) និងស៊ុលតង់នៃប្រទេសអូម៉ង់ លោក ហៃថាម ប៊ីន តារីក (Haitham bin Tariq) បានឯកភាពគ្នាអំពីភាពចាំបាច់ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។
នៅក្នុងជំនួបជាមួយស៊ុលតង់នៃប្រទេសអូម៉ង់នៅឯវិមាន Downing Street លោក ប័រណាម បានលើកឡើងថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញ នឹងជួយកាត់បន្ថយសម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជននៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា លោក ប័រណាម បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ប្រទេសអូម៉ង់ក្នុងការរក្សស្ថិរភាពក្នុងតំបន់ ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អូម៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះដ្រូនជាច្រើនលើកទៅវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយថែមទាំងបានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូសថែមទៀត។ មុនពេលមានសង្គ្រាមកើតឡើង ប្រេងឥន្ធនៈ និងប្រេងឆៅប្រមាណ ២០,៣លានបារ៉ែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ ដែលស្មើនឹងប្រហែល២៥% នៃការជួញដូរប្រេងតាមផ្លូវសមុទ្រទូទាំងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





