រ៉ុក្កែត CERES-1 របស់ចិនបាញ់បង្ហោះផ្កាយរណបថ្មីចេញពីសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតមួយពីផ្ទៃសមុទ្រក្បែរទីក្រុងរីជៅ ក្នុងខេត្តសានទុងភាគខាងកើតប្រទេសចិន ដោយបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់គន្លងគោចរដែលបានកំណត់។
រ៉ុក្កែតដឹកជញ្ជូនប្រភេទ CERES-1 Y8 បានហោះឡើងនៅវេលាម៉ោង ១១:៣៩នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។
មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan គឺជាអ្នកទទួលបន្ទុកអនុវត្តការបាញ់បង្ហោះពីផ្ទៃសមុទ្រនេះ។
យោងតាមកាសែត Science and Technology Daily បានឱ្យដឹងថា ផ្កាយរណបថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការថតរូបភាពពីចម្ងាយក្នុងគោលបំណងពាណិជ្ជកម្ម ដោយផ្តល់សេវាកម្មដល់តំបន់ Greater Bay Area (ដែលរួមមានខេត្តក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ) ភាគខាងត្បូងប្រទេសចិន និងតំបន់ដែលមានរយៈទទឹងទាបតាមបណ្តោយផ្លូវសមុទ្រ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៧ ដែលធ្វើឡើងពីផ្ទៃសមុទ្រសម្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរី CERES-1។
របាយការណ៍បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនGalactic Energy ដែលជាអ្នកអភិវឌ្ឍន៍រ៉ុក្កែតនេះ បានធ្វើការបាញ់បង្ហោះទៅកាន់គន្លងគោចរដោយជោគជ័យចំនួន ២៣ លើក និងបានបញ្ជូនផ្កាយរណបពាណិជ្ជកម្មសរុបចំនួន ៩០គ្រឿងទៅកាន់គន្លងគោចរដែលបានកំណត់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





