ឯកឧត្តម ប៉ុន សុខ៖ កីឡាជាតិមិនត្រឹមតែជានិមិត្តរូបប្រកួតជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រសំខាន់បំផុត ឆ្ពោះទៅការប្រកួតអន្តរជាតិធំៗ៣
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានគូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មិនត្រឹមតែជានិមិត្តរូបនៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជា «កញ្ចក់វាស់ស្ទង់សមត្ថភាព» និងជា «ជំហានត្រៀមលក្ខណៈសម្បត្តិយុទ្ធសាស្ត្រ»យ៉ាងសំខាន់បំផុតរបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិ ការណ៍កីឡាអន្តរជាតិធំៗចំនួន ៣ ជាប្រវត្តិសាស្ត្រ។

ការគូសបញ្ជាក់របស់ឯកឧត្តមអគ្គនាយកកីឡាបានធ្វើឡើងនៅក្នុងការដឹកនាំកិច្ចប្រជុំនាយបេសកកម្ម លើកទី២ និងចាប់ឆ្នោតចែកពូលប្រភេទកីឡាក្រុម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ដែលគ្រោងនឹងដំណើរការនាដើមខែវិច្ឆិកាខាងមុខ។ ឯកឧត្តម ប៉ុន សុខ សង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ ដែលជាការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗចំនួន៣ ខាងមុខនេះ រួមមាន៖ ១-ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ (23rd AUG 2028) ២-ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ (AYPG 2029) និង៣-ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (AYG 2031)។

ឯកឧត្តម ប៉ុន សុខ លើកឡើងទៀតថា ដើម្បីធានាឱ្យការរៀបចំ និងការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ដំណើរការទៅដោយរលូន មានប្រសិទ្ធភាព សុក្រឹតភាព និងទទួលបានជោគជ័យផ្លែផ្កា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមអគ្គនាយកដ្ឋានកីឡា ឯកឧត្តមអគ្គនាយកកីឡាបានស្នើ និងផ្តល់អនុសាសន៍ថា ការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ៖ ស្នើដល់ប្រធាន ប្រតិភូ នាយបេសកកម្ម តំណាងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ព្រមទាំងអគ្គលេខាធិការ និងនាយកបច្ចេកទេសនៃសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែក (រដ្ឋបាល ប្រតិភូ ថវិកា មធ្យោបាយ សម្ភារ និងបច្ចេកទេស) ឱ្យបានរួចរាល់ និងច្បាស់លាស់ជាមុន។ ការបង្កើនគុណផលកីឡា និងការគ្រប់គ្រង៖ ត្រូវបន្តខិតខំជំរុញ ពង្រឹង និងយកចិត្តទុកដាក់លើ ការហ្វឹកហាត់របស់អត្តពលិកឱ្យមានគុណផលបច្ចេកទេសខ្ពស់ ព្រមទាំងពង្រឹងការងារគ្រប់គ្រង ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ឱ្យមានសមគ្គីភាព វិន័យ និងការធ្វើការងារស៊ីចង្វាក់គ្នាយ៉ាងរលូនរវាងផ្នែករដ្ឋបាល និងផ្នែកបច្ចេកទេស។

ការផ្សព្វផ្សាយ និងការអនុវត្តបទបញ្ជាឱ្យមានប្រសិទ្ធភាព៖ កិច្ចប្រជុំនាថ្ងៃនេះគឺជាអន្តរាគមន៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ «បទបញ្ញាត្តិទូទៅ» និង «បទបញ្ជាបច្ចេកទេស»។ ជារួម អគ្គនាយកកីឡាចាត់ទុកថា ការចូលរួមប្រជុំនា ពេលនេះ គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាគន្លឹះសម្រេចជោគជ័យ គឺការនាំយកខ្លឹមសារ លក្ខខណ្ឌ និងបទបញ្ជាទាំងនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានស៊ីជម្រៅ ទូលំទូលាយ និងច្បាស់លាស់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ (ប្រធានប្រតិភូ គ្រូបង្វឹក មន្ត្រី បច្ចេកទេស និងអត្តពលិក) ដើម្បីឱ្យការចូលរួមប្រកួតនាខែវិច្ឆិកា ខាងមុខនេះ ប្រព្រឹត្តទៅដោយ ភាពត្រឹមត្រូវ គ្មានកំហុសឆ្គង និងប្រកបដោយស្មារតីកីឡាពិតប្រាកដ។

ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានធ្វើបទបង្ហាញថា ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ គ្រោងនឹងដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង (ប្រណាំងក់ង) ខេត្តស្វាយរៀង (ប្រណាំងទូក) និងខេត្តកែប (កីឡាទ្រីយ៉ាត្លុង)។ កីឡាជាតិ មាន៣២ប្រភេទកីឡា សរុប ២៥៨វិញ្ញាសា និងកីឡាជាតិជនពិការមាន១០ប្រភេទកីឡាជនពិការ ស្មើនឹង ៤៦វិញ្ញាសា សរុប ៣០៤វិញ្ញាសា។ ព្រឹត្តិការណ៍ដ៏ធំរៀងរាល់២ឆ្នាំម្តង នៅឆ្នាំ២០២៦នេះទទួលបានការចុះឈ្មោះចូលរួមពី២៥ រាជធានី-ខេត្ត ក្រសួង៣ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ប្រមាណ ៤៤៨៤នាក់ និងប្រតិភូកីឡាជនពិការ ២៨៩នាក់ សរុប ៤៧៧៣នាក់។

លោក ហួត សេងទ្រី បន្ថែមថា ចំពោះពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១៨:០០ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ចំពោះពិធីបិទជាផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង ១៨:០០ ថ្ងៃទី១៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕
ដោយ ហេង ណាលីន





