សម្ដេចតេជោ ហ៊ុន សែន៖ គ្មានជំនួប សីហនុ ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ក្នុងខួបលើកទី៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៦នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បើគ្មានជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបខ្ញុំ ហ៊ុន សែន ដែលចាប់ផ្ដើមថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ វាក៏គ្មាន កិច្ចព្រមព្រៀងប៉ារីសដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ក្រឡេកមើលទៅក្រោយ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ម៉ោង៣ល្ងាច នៅទីក្រុងប៉ារីសប្រទេសបារាំង មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ សម្ដេចតេជោបានធ្វើការប្រៀបធៀបថា ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹក ទើបហៅថា ដើមឈើបាន។ ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះ នរោត្តម សីហនុ ជាមួយរូបខ្ញុំ ហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួប សីហនុ.ហ៊ុន សែន) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។ សម្ដេចតេជោបានអះអាងថា៖ «គ្មានជំនួប សីហនុ-ហ៊ុន សែន វាក៏គ្មាន កិច្ចព្រមព្រៀងប៉ារីសដែរ»។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់ថា យើងបានប្រើពេលជាច្រើន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានរយៈពេល ១ ៤២១ ថ្ងៃ ត្រូវជា ២០៣ សប្តាហ៍ ស្មើនឹង ៤៦ខែ និង ២១ថ្ងៃ ឬ៣ឆ្នាំ១០ខែ និង២១ថ្ងៃ។ «ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា២៣ តុលាច្បាស់ជាពេបជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់ មួយទល់បី (ខ្ញុំ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះ នរោត្តម សីហនុ ផងជាមួយលោកតា សឺន សាន ផងជាមួយ ខៀវ សំផន ផង) ដែលពេលខ្លះជួបដោយឡែក និងពេលខ្លះជួបរួម។

ឯដៃគូបរទេស មិនថាប្រទេសគាំទ្រទេ ប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយ ហ៊ុន សែន ដើម្បីពន្យល់គ្នា ឬស្វែងយល់ ឬស្វែងរកការស្រុះស្រួល»។ នេះគឺជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «នៅក្នុងវេទិកាចរចា ខ្ញុំជាមនុស្ស ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមភាគីកម្ពុជា និងប្រតិភូពីប្រទេសដែលចូលរួម ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំ និងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃ កិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១»៕

ដោយ៖ ជឹម ណា





