អភិបាលស្រុកសន្ទុកនាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពលោក ពលបាលឯក ប៉ែន ភឿ នៅឃុំជ្រាប់
AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦– លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជាស្រុកសន្ទុក អនុកម្មការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព (អ.ន.ក) ស្រុកសន្ទុក រួមជាមួយ លោក វរសេនីយ៍ឯក ម៉ៅ ចាន់ធី អនុប្រធានប្រចាំការ អ.ន.ក ស្រុក និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុកសន្ទុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះទៅប្រគល់ជូនគ្រួសារសព លោក ពលបាលឯក ប៉ែន ភឿដល់គេហដ្ឋាននៃសព នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព និងជួយសម្រាលបន្ទុកជីវភាពក្នុងគ្រាដ៏លំបាកនេះ។

ក្នុងឱកាសនោះ លោកវណ្ណ: សោភានិតនិងប្រតិភូអមដំណើរ បានសម្តែងនូវការសោកស្តាយ និងអាណិតអាសូរជាពន់ពេកចំពោះការបាត់បង់ លោក ពលបាលឯក ប៉ែន ភឿ ដែលជាស្វាមី ឪពុក និងជាកងកម្លាំងមួយរូបដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក។ ថវិកាបេឡាមរណៈសង្គ្រោះដែលបានប្រគល់ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលស្រុក និងគណៈកម្មាធិការ អ.ន.ក ស្រុកសន្ទុក ចំពោះសុខទុក្ខ និងជីវភាពរបស់កងកម្លាំង និងគ្រួសារ។

តំណាងគ្រួសារសព បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក វណ្ណៈ សោភានិត, លោក វរសេនីយ៍ឯក ម៉ៅ ចាន់ធី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភដល់គ្រួសារសពផ្ទាល់ដល់គេហដ្ឋានដែលនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការមិនបោះបង់គ្នាចោលក្នុងគ្រាមានអាសន្នឡើយ៕

ដោយ៖ ស៊ុម វណ្ណា





