សន្និបាទបូកសរុបការងារ ២០២៦ និងលើកទិសដៅការងារ២០២៧ របស់មន្ទីរដែនដីខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខគាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាទបូកសរុបការងារឆ្នាំ២០២៦ និងលើកទិសដៅការងារ ២០២៧ របស់មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកសន្និបាទរបស់មន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់លោក លោក ស្រី មន្រ្តីរាជការនៃមន្ទីរររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវយកចិត្តទុក ដាក់ និងអនុវត្តនូវការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
១.ជំរុញការងារចេញ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល នវត្ថុដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត។
២.ជំរុញការងាររៀបចំប្លង់គោល ប្រើប្រាស់ដី និងផែនការប្រើ ប្រាស់ដីតាមក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍន៍ ការអភិរក្សប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០២២-២០៣៨ សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

៣. បន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធា រណៈជូនប្រជាពលរដ្ឋ តាមយន្ត ការច្រកចេញចូលតែមួយ ក្នុងគោលដៅផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យ និងបាវចនានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
៤. ចូលរួមទប់ស្កាត់ការរំលោភបំពានដីរដ្ឋគ្រប់ប្រភេទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាពិសេសជំរុញការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់ រហ័ស។
៥.ពង្រឹងយន្តការគ្រប់ គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ឱ្យបានត្រឹមត្រូវតាមស្តង់ដាគុណភាព បច្ចេកទេស ដើម្បីធានាភាពរឹងមាំ សោភ័ណភាព គុណភាពសំណង់ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងដោយយថាហេតុ។

៦.ដោះស្រាយ និងសម្របសម្រួលវិវាទសំណង់ស្របតាមយន្តការ ដូចមានចែងក្នុងច្បាប់មស្តីពីសំណង់ ព្រមទាំងជំរុញការអនុវត្តន៍កាតព្វកិច្ចធានារ៉ាប់រងក្នុងការប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ចេង ស្រ៊ុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានថ្លែងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ២០២៦ មន្ទីរបានប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណប្រព័ន្ធ (LMAP) គម្តោងសាកល្បង Pre LMAP និងបទបញ្ជាលេខ ០១បប ទូទាំងខេត្ត មានចំនួន ១១១ភូមិ និងភូមិឧបសម្ព័ន្ធ១ភូមិ រហូតមកដល់ថ្ងៃទី២១ ខែតុលា ២០២៦ សម្រេចវាស់វែងបាន ១៤៨ ៥៤៥ក្បាលដី ស្មើ ១០០ភាគរយ គូសក្បាលដី បាន ១៤៨ ៥៤៥ក្បាលដី ស្មើ ១០០ភាគរយ និងបិទផ្សាយចប់ ១៤៨ ១០៦ក្បាលដី ស្មើ ៩៩,៧១ភាគរយ មិនអាចបិទផ្សាយ មន ៤៣៩ក្បាលដី ស្មើ ០,២៩ភាគ រយ ជាប់ពាក់ព័ន្ធអនុក្រឹត្យលេខ២៤២ អនក្រ បក ។ ក្បាលដីដែលអាចចេញបណ្ណមានចំនួន ១៣០ ០៦២ក្បាលដី ស្មើ៨៨ភាគរយ ចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ១១០ ៧៦៣បណ្ណ ចុះហត្ថលេខារួច ប្រជាពលរដ្ឋមិនទាន់ដកមានមាន ៣ ៥៧៩បណ្ណ និងក្បាលដីមិនទាន់ចែកបណ្ណមាន ១៥ ៧២០បណ្ណ ៕
ដោយ ងូ សុមុនី





