កងរាជអាវុធហត្ថខេត្តកំពង់ធំប្រជុំ ផ្សព្វផ្សាយអនុវត្តតួនាទីភារកិច្ច រយៈពេល៩ខែនិងលើកទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២៦និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ
AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយពីការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ រយៈពេល៩ខែនិងលើកទិសដៅបន្តត្រីមាសទី៤ ឆ្នាំ២០២៦និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦នៅខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង និងជានាយសេនាធិការ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៩និងមេបញ្ជាការ កងអនុសេនាធំចល័ត។

លោកវរសេនីយ៍ឯកមេបញ្ជាការស្ដីទីបានដាក់បទបញ្ជា៣ចំណុចយ៉ាងម៉ឺនម៉ាត់ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់យកទៅអនុវត្តន៍រួមមាន÷១.ត្រូវយកចិត្តទុកដាក់អំពីសុខសុវត្តិភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្មជាដើម។២.បន្តចុះល្បាត សហការជាមួយអាជ្ញាធរនូវតាមភូមិ ឃុំ ក្រុង ស្រុកដើម្បីការពារនិង៣.បង្ក្រាបបទល្មើសឱ្យបានរហ័សនិងទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើកម្លាំងតាមគោលដៅនីមួយៗ ត្រូវយកទុក្ខដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់និងសហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដើម្បីការពារជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ប្រកបដោយសុខសុវត្តិភាពនិងបានសូមជូនពរដល់កម្លាំងចុះប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជួនថ្នាក់ដឹកនាំប្រកបដោយរលូននិងជោគជ័យ៕

ដោយ ស៊ុម វណ្ណា





