ធនាគារជាតិនៃកម្ពុជាជំរុញការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការពារសិទ្ធិអតិថិជននៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ធនាគារជាតិនៃកម្ពុជាបានជំរុញការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានសមត្ថភាពក្នុងការគ្រប់គ្រងប្រាក់ចំណូល ចំណាយ ការសន្សំ ការខ្ចីប្រាក់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ ព្រមទាំងស្វែងយល់ពីសិទ្ធិរបស់ខ្លួនក្នុងនាមជាអតិថិជន ខណៈដែលការយល់ដឹងទាំងនេះជាមូលដ្ឋានសំខាន់ក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងសង្គម។

ការជំរុញនេះធ្វើឡើងក្នុងវគ្គសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលរៀបចំឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកបណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា និងលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី នៃខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ឡាយ សុខហេង បានលើកឡើងពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជួយឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងគ្រប់គ្រងធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងច្បាស់អំពីលក្ខខណ្ឌនៃសេវាហិរញ្ញវត្ថុ ការប្រាក់ កម្រៃសេវា កាតព្វកិច្ចសងត្រឡប់ និងហានិភ័យដែលអាចកើតមាន គឺជាកត្តាសំខាន់ដែលអតិថិជនគួរយកចិត្តទុកដាក់មុនពេលសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុណាមួយ។
លោកបណ្ឌិតបានបញ្ជាក់ពីតម្រូវការក្នុងការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិត អាចយល់ពីរបៀបប្រើប្រាស់សេវាធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យសមស្របតាមតម្រូវការ និងលទ្ធភាពសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ ការខ្ចីប្រាក់គួរត្រូវបានពិចារណាដោយម៉ត់ចត់ ដោយផ្អែកលើសមត្ថភាពសងត្រឡប់ និងផែនការហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការជំពាក់បំណុលលើសលទ្ធភាព។
ទន្ទឹមនឹងនេះ កិច្ចការពារអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ដោយអតិថិជនត្រូវទទួលបានព័ត៌មានច្បាស់លាស់ អំពីលក្ខខណ្ឌសេវា សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងមានលទ្ធភាពស្វែងរកការបកស្រាយ ឬដាក់ពាក្យបណ្តឹងតាមយន្តការដែលមាននៅពេលជួបបញ្ហា។ ការយល់ដឹងអំពីសិទ្ធិទាំងនេះ អាចជួយឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យបានបង្ហាញពីសារៈសំខាន់នៃការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងប្រាក់ចំណូល ការចំណាយ ការសន្សំ និងការប្រើប្រាស់ឥណទានឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។

លោកបានលើកឡើងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះការរៀបចំផែនការចំណូលចំណាយបានល្អ និងការសម្រេចចិត្តខ្ចីប្រាក់ដោយមានការគិតគូរត្រឹមត្រូវ អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងបង្កើនសមត្ថភាពគ្រួសារក្នុងការដោះស្រាយតម្រូវការប្រចាំថ្ងៃ ក៏ដូចជាត្រៀមបម្រុងសម្រាប់ហេតុការណ៍ចាំបាច់ដែលអាចកើតមានដោយមិនបានគ្រោងទុក។
លោកអភិបាលខេត្តស្តីទីក៏បានគូសបញ្ជាក់ពីតួនាទីរបស់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចពិនិត្យ និងប្រៀបធៀបលក្ខខណ្ឌសេវាហិរញ្ញវត្ថុ មុននឹងសម្រេចចិត្តប្រើប្រាស់ ព្រមទាំងយល់ដឹងពីវិធានការការពារខ្លួនពីហានិភ័យនានា។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ និងចែករំលែកបន្តដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។
តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមមានឱកាសស្វែងយល់បន្ថែមអំពីគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំប្រាក់ ការប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ ការយល់ដឹងអំពីលក្ខខណ្ឌសេវាហិរញ្ញវត្ថុ និងសិទ្ធិរបស់អតិថិជន។ ចំណេះដឹងទាំងនេះអាចជួយឱ្យប្រជាពលរដ្ឋកាត់បន្ថយការសម្រេចចិត្តដោយខ្វះព័ត៌មាន និងមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់សេវាហិរញ្ញវត្ថុដែលមិនច្បាស់លាស់។

ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពារអតិថិជន មិនត្រឹមតែជួយដល់បុគ្គល និងគ្រួសារក្នុងការគ្រប់គ្រងប្រាក់កាសឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងការជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅក្នុងសង្គមកម្ពុជាផងដែរ៕
ដោយ ឈុន សារ៉ាត





