ព្រះគ្រូចៅអធិការវត្តពោធិដំណាក់ចែកអំណោយជូនពលរដ្ឋងាយរងហានិភ័យមកពីឃុំចំណាលក្រោមចំនួន៩៤គ្រួសារ
AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ព្រះមុន្នីធម្មវេទីឡាំ អិត ព្រះធម្មធរខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តពោធិដំណាក់កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦បានដឹកនាំរៀបចំពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងហានិភ័យចំនួន៩៤គ្រួសារមកពីឃុំចំណាក្រោមស្រុកស្ទោងខេត្តកំពង់ធំនៅវត្តពោធិដំណាក់។

ព្រះអង្គមានសង្ឃដីកាថា សកម្មភាពមនុស្សធម៌នេះគឺជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា ថ្វីដ្បិតតែអំណោយដែលបានចូលរួមចំណែកចែកជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទនៅក្នុងឱកាសនេះមានបរិមាណតិចតួចក្តី ប៉ុន្តែវាជាចំណែកមួយក្នុងការដោះស្រាយបន្ទុកជីវភាពមួយរយៈក្នុងស្ថានភាពជីវភាព និងបរិបទមនុស្សធម៌។

ជាមួយគ្នានេះដែរ ព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ញាតិញោមពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយ សិស្សគណ និងបណ្តាវត្តក្នុងមណ្ឌល៣ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារថវិកាបច្ច័យនិងគ្រឿងឧបភោគបរិភោគ រហូតធ្វើឱ្យកម្មវិធីមនុស្សធម៌នេះប្រព្រឹត្តទៅដោយជោគជ័យ។
ជាមួយគ្នានេះប្រជាពលរដ្ឋពុទ្ធបរិស័ទដែលបានទទួលអំណោយនៅក្នុងឱកាសនេះបានថ្លែងអំណរព្រះគុណជាអនេកប្បការដល់ព្រះអង្គគ្រូចៅអធិការព្រមទាំងពុទ្ធបរិស័ទដែលបានតែងតែគិតគូរយកចិត្តទុកដាក់ព្រមទាំងចែកអំណោយមនុស្សធម៌ជារឿយៗក៏ដូចជាផ្ដល់ជូនគាត់នៅក្នុងឱកាសនេះបានប្រគេនពរព្រះអង្គគ្រូជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីអាក់ខានឡើយ។

សូមបញ្ជាក់ថា អំណោយដែលទទួលបាននៅក្នុងឱកាសនេះក្នុង១នាក់ទទួលបាននូវអង្ករចំនួន១បេ មី១កេស គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២៥០០០រៀល៕
ដោយ ស៊ុម វណ្ណា





