រដ្ឋបាលស្រុកមង្គលបូរី និង ប.ស.ស. បន្ទាយមានជ័យ ផ្សព្វផ្សាយសិទ្ធិ និងអត្ថប្រយោជន៍សន្តិសុខសង្គមដល់មន្ត្រីវិស័យសាធារណៈជាង ១១០នាក់
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦-- រដ្ឋបាលស្រុកមង្គលបូរី សហការជាមួយសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍សន្តិសុខសង្គម» ដល់មន្ត្រី និងបុគ្គលិកក្នុងវិស័យសាធារណៈចំណុះរដ្ឋបាលស្រុក ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការប្រើប្រាស់សេវាសន្តិសុខសង្គមឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោកស្រី អៀង កណ្ណារ៉ា អភិបាលរងស្រុកមង្គលបូរី លោក យក់ ខេមរិន សមាជិកក្រុមប្រឹក្សាស្រុក និងលោក ថោ ហ៊រ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គមខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាល ប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំ នាយក និងនាយិកាវិទ្យាល័យ អនុវិទ្យាល័យ ប្រធានកម្រងសាលារៀន ព្រមទាំងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ឃុំ សរុបប្រមាណ ១១០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី អៀង កណ្ណារ៉ា បានលើកឡើងថា ការផ្សព្វផ្សាយនេះមានសារៈសំខាន់ក្នុងការជំរុញឱ្យមន្ត្រី និងបុគ្គលិកក្នុងវិស័យសាធារណៈយល់កាន់តែច្បាស់អំពីគោលការណ៍ និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម ព្រមទាំងសិទ្ធិ និងអត្ថប្រយោជន៍ដែលសមាជិកអាចទទួលបានតាមលក្ខខណ្ឌកំណត់។
លោកស្រីបានបញ្ជាក់ថា ការយល់ដឹងច្បាស់លាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន នឹងជួយឱ្យមន្ត្រី និងបុគ្គលិកអាចអនុវត្តនីតិវិធីពាក់ព័ន្ធបានត្រឹមត្រូវ ទទួលបានព័ត៌មានច្បាស់លាស់ និងប្រើប្រាស់សេវាសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏អាចយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយបន្តដល់មន្ត្រី និងបុគ្គលិកនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោក ថោ ហ៊រ បានបញ្ជាក់ថា ការផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គម ដែលមានតួនាទីជួយកាត់បន្ថយហានិភ័យផ្នែកសេដ្ឋកិច្ច និងសង្គមរបស់សមាជិក នៅពេលជួបប្រទះបញ្ហាសុខភាព គ្រោះថ្នាក់ការងារ ឬស្ថានភាពផ្សេងៗដែលស្ថិតក្រោមការធានារ៉ាប់រងតាមច្បាប់។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីឱ្យសមាជិកសន្តិសុខសង្គមយល់ពីលក្ខខណ្ឌនៃការទទួលបានអត្ថប្រយោជន៍ និងនីតិវិធីប្រើប្រាស់សេវាដែលពាក់ព័ន្ធ។ ការយល់ដឹងនេះមិនត្រឹមតែជួយឱ្យសមាជិកអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជំរុញឱ្យការអនុវត្តរបបសន្តិសុខសង្គមកាន់តែមានប្រសិទ្ធភាព និងតម្លាភាពផងដែរ។
ការរៀបចំកម្មវិធីផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការរវាងរដ្ឋបាលស្រុកមង្គលបូរី និងសាខាបេឡាជាតិសន្តិសុខសង្គមខេត្តបន្ទាយមានជ័យ ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងជំរុញឱ្យមន្ត្រីរាជការ និងបុគ្គលិកក្នុងវិស័យសាធារណៈមានការយល់ដឹងកាន់តែប្រសើរអំពីប្រព័ន្ធសន្តិសុខសង្គម។

តាមរយៈការផ្សព្វផ្សាយនេះ រំពឹងថា អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែមអំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ សិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ និងផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធនៅតាមអង្គភាពនានា ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





