កិច្ចប្រជុំពិនិត្យការងារទឹកសុវត្ថិភាពអនាម័យ និងបរិស្ថានស្អាត ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧
AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាអំពីផែនការទឹកសុវត្ថិភាពអនាម័យ និងបរិស្ថានស្អាត ដើម្បីពិនិត្យលទ្ធផលការងារក្នុងឆ្នាំ២០២៦ និងកំណត់ទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៧ នៅសាលាឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំផ្តោតសំខាន់លើការពិនិត្យការងារឆ្នាំ២០២៦ និងការរៀបចំទិសដៅបន្តឆ្នាំ២០២៧ ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន មន្ត្រីជំនាញនិងអង្គការស្អាតកម្ពុជាក្នុងគោលបំណងពង្រឹងកិច្ចសហការ និងកំណត់សកម្មភាពអាទិភាព ដើម្បីបន្តកែលម្អការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព ការរក្សាអនាម័យ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង។
លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការផ្តល់សេវាទឹកស្អាត ការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព ការរក្សាអនាម័យ និងការថែរក្សាបរិស្ថាន គឺជាការងារអាទិភាពសម្រាប់រដ្ឋបាលស្រុកស្ទោង។ ការងារទាំងនេះមានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសនៅតាមសហគមន៍មូលដ្ឋាន។
លោក សួគ៌ ប៊ុនធង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងរដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ និងអង្គការស្អាតកម្ពុជា ដែលបានចូលរួមអនុវត្តន៍ការងារទឹកស្អាត និងអនាម័យនាពេលកន្លងមក។
កិច្ចប្រជុំនេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមដែលនៅសេសសល់។ តាមរយៈការពិភាក្សារួមគ្នា អាជ្ញាធរ និងអង្គការដៃគូអាចកំណត់តម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ ឱ្យមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។
ក្នុងឱកាសនោះលោក សួគ៌ ប៊ុនធង បានស្នើឱ្យមន្ត្រីជំនាញ អាជ្ញាធរឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុសផុល និងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបង្ហាញពីបញ្ហាប្រឈម និងតម្រូវការដែលកំពុងកើតមាននៅក្នុងសហគមន៍ ដើម្បីឱ្យការរៀបចំផែនការបន្តអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះដែរលោកអភិបាលរងស្រុក ក៏បានជំរុញឱ្យការិយាល័យជំនាញនិងអាជ្ញាធរឃុំចំណារលើ បន្តពង្រឹងកិច្ចសហការជាមួយអង្គការស្អាតកម្ពុជា ក្នុងការអនុវត្តសកម្មភាពទឹកសុវត្ថិភាព អនាម័យ និងបរិស្ថានស្អាត។ កិច្ចសហការជាប្រចាំរវាងអាជ្ញាធរ និងអង្គការដៃគូ មានសារៈសំខាន់ក្នុងការធ្វើឱ្យផែនការឆ្នាំ២០២៧ អាចដំណើរការបានដោយរលូន និងមាននិរន្តរភាព។ បញ្ហាសុខភាពប្រចាំថ្ងៃ ដោយជំរុញការយកចិត្តទុកដាក់លើរបបអាហារ អនាម័យផ្ទាល់ខ្លួន និងការហាត់ប្រាណ ដើម្បីថែរក្សាសុខភាព។
ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកបានរំលឹកពីការគោរពច្បាប់ចរាចរណ៍ ការប្រុងប្រយ័ត្នចំពោះការបើកបរលើសល្បឿនកំណត់ និងហានិភ័យដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងបញ្ហាសណ្តាប់ធ្នាប់នៅក្នុងសហគមន៍។ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៦ ដើម្បីឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះការងារនេះផងដែរ៕
ដោយ ស៊ុម វណ្ណា





