មន្ទីរសង្គមកិច្ចខេត្តកំពង់ធំប្រារព្ធខួបលើកទី២៨ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ " ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍"
AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំប្រារព្ធពិធីទិវាមនុស្សចាស់អន្តរជាតិ និងទិវាមនុស្សចាស់កម្ពុជាលើកទី២៨ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ក្រោមប្រធានបទ" ក្មេងមានកំលាំងនិងស្គាល់ផ្លូវ ឯមនុស្សចាស់មានបទពិសោធន៍"កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាលើកឡើងថា ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិតែងតែប្រារព្ធឡើងនៅថ្ងៃទី០១ ខែ តុលា ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃ សេចក្តីថ្លៃថ្នូរ សិទ្ធិនិងតួនាទីរបស់មនុស្សចាស់ ក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់និងការដឹងគុណចំពោះមនុស្សជំនាន់មុន ដែលបានបន្សល់ទុកកេរ្តិ៍មរតកចំណេះដឹង និងបានចូលរួមចំណែកដ៏មានតម្លៃក្នុងការកសាងគ្រួសារ សង្គម និងប្រទេសជាតិ។

ការប្រារព្ធពិធីនេះមានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជាគ្រប់រូបជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីការគោរព ថែទាំ និងយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ជីដូនជីតានិងមនុស្សចាស់ក្នុងគ្រួសារ ដែលសុទ្ធសឹងជាអ្នកមានគុណយ៉ាងធំធេងចំពោះកូនចៅតាមរយៈការផ្តល់កំណើត ការបីបាច់ថែរក្សា ការថែទាំ និងអប់រំ។ លោកជាអ្នកមានគុណបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមកូនចៅ ព្រមទាំងជាឃ្លាំងចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដែលបានឆ្លងកាត់ជីវិត ប្រវត្តិ ព្រឹត្តិការណ៍ ទំនៀមទម្លាប់ និងវប្បធម៌នៅតាមសហគមន៍នានា។

លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងការគាំទ្រដល់ជីវភាពរស់នៅរបស់មនុស្សចាស់ សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងដោះស្រាយទុក្ខលំបាករបស់មនុស្ស ចាស់ ជាពិសេសចាស់ជរាក្រីក្រ ជនពិការ ទុរគតជនគ្មានទីពឹងនៅតាមសហគមន៍។
លោកអភិបាលរងខេត្តបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់៖ ១.មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើសុខមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរឡើង តាមរយៈការកសាងសមាគមន៍មនុស្សចាស់សំដៅជួយគ្នាទៅវិញទៅមក ពេលមានជំងឺក្តី អប់រំអំពីសុខភាព ឬដំណោះស្រាយពេលមានទុក្ខធុរៈជាដើម។២. ឆ្លៀតសួរសុខទុក្ខ នឹងជួយឧបត្ថម្ភដល់ជនចាស់ជរា ជនពិការ ទុរគតជន នៅតាមសហគមន៍ សំដៅជួយគាំទ្រដល់ចាសជរាដែលគ្មានទីពឹង។៣.សូមពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរយើងពិសេសត្រូវអប់រំកូនចៅ និងមនុស្សជំនាន់ក្រោយៗទៀតឱនុចេះគោរពដំបូន្មានរបស់មាតាបិតា នឹងគោរពព្រឹទ្ធាចារ្យ។៤.អង្គការក្រៅរដ្ឋាភិបាល ស្ថាប័ន អង្គភាព និងសប្បុរសជនជិតឆ្ងាយនានា បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរថែមទៀត ទៅលើតម្រូវការរបស់មនុស្សចាស់ ដែលកំពុងរស់នៅសហគមន៍ ធ្វើយ៉ាងណាឱ្យមនុស្សចាស់រស់នៅប្រកបដោយសុខដុមរម្យនា និងសេចក្តីថ្លៃថ្នូរស្មើមុខស្មើមាត់ក្នុងសង្គម។

ក្នុងឱកាសនោះ លោកជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក៏បានធ្វើការបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយថែរក្សាបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសមនុស្សចាស់ឱ្យមានសុខភាពល្អនិងសុវត្ថិភាព៕
ដោយ ស៊ុម វណ្ណា





