ឯកឧត្តម សេរី បណ្ឌិត អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសកម្ពុជា-កូរ៉េ ចុះពិនិត្យទីតាំងអនុគម្រោងប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត៣ ដើម្បីសិក្សាសមិទ្ធិលទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWDFMP) នៃក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ទី១៩-២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកម្ពុជា-កូរ៉េ ចុះពិនិត្យទីតាំងជាក់ស្តែងនៃអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ដែលត្រូវសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៅតាមបណ្តាខេត្តគោលដៅចំនួនបី ដែលរួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។

រយៈពេល ៤ថ្ងៃនេះ ឯកឧត្ដម និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យទីតាំងអនុគម្រោងសរុបចំនួន ៧កន្លែង រួមមាន ខេត្តបន្ទាយមានជ័យចំនួន ៣អនុគម្រោង ខេត្តឧត្តរមានជ័យចំនួន ៣អនុគម្រោង និងខេត្តសៀមរាបចំនួន ១អនុគម្រោង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រ សក្តានុពលនៃការអភិវឌ្ឍនាពេលអនាគត ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលកំពុងជួបប្រទះនៅតាមមូលដ្ឋាន។


ឯកឧត្តម និងក្រុមការងារ ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលប្រមូលទិន្នន័យចាំបាច់ ធានាឱ្យការសិក្សាសមិទ្ធិលទ្ធភាពប្រព្រឹត្តទៅដោយរលូន និងមានគុណភាព។
គម្រោង CCRSIWDFMP នេះ ទទួលបានហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកម្ពុជាឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយហានិភ័យទឹកជំនន់ និងគ្រោះរាំងស្ងួតជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





