ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយ JICA
AKPភ្នំពេញថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងការណែនាំសមាសភាពថ្មី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការងារដោយជោគជ័យនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក Sanui Kazumasa ក៏បានណែនាំខ្លួន លោកស្រី Iwama Nozomi ដែលជាសមាសភាពប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

តាមរយៈជំនួបនារសៀលនេះ លោក Sanui Kazumasa បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពនានារបស់ JICA នាពេលកន្លងមក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងកម្ពុជា កាន់តែមានភាពរឹងមាំលើគ្រប់វិស័យ។ លោកបានបន្ថែមថា តាមរយៈកិច្ចសហការនេះ បានធ្វើឱ្យរយៈពេល៣ឆ្នាំ និង ៦ខែ នៃការបំពេញបេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់ លោក Sanui Kazumasa ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។ សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា ។ ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកស្រីនឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ក.អ.ក. បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តសម្របសម្រួល ជំរុញ និងគាំទ្រដល់រាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ ចរិយា ប្រភព៖ CDC





