រដ្ឋបាលខេត្តកំពង់ធំរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តដើម្បីស្តាប់មតិយោបល់សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ឹម សារឿន បានមានប្រសាសន៍ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ លើកឡើងនូវសំណូមពរ និងរាយការណ៍អំពីបញ្ហាប្រឈមដែលកើតមាននៅក្នុងមូលដ្ឋាន។ម្យ៉ាងវិញទៀត វេទិកានេះក៏ជាយន្តការមួយសម្រាប់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត។

ក្រោយពីបានដំណើរការពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងទទួលបានសំណួរពីប្រជាពលរដ្ឋ ឯកឧត្តម នួន ផារ័ត្ន បានចាត់តាំងតំណាងស្ថាប័ន មន្ទីរ អង្គភាព និងរដ្ឋបាលមូលដ្ឋានពាក់ព័ន្ធធ្វើការពន្យល់បកស្រាយ និងឆ្លើយតបចំពោះសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាដែលមិនអាចដោះស្រាយបានភ្លាមៗ ត្រូវបន្តពិនិត្យ សិក្សា និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនៅពេលក្រោយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មតិយោបល់ និងសំណូមពរដែលទទួលបាននឹងក្លាយជាមូលដ្ឋានសម្រាប់ស្ថាប័នពាក់ព័ន្ធពិនិត្យ និងពិចារណាកំណត់អាទិភាពក្នុងការដោះស្រាយបញ្ហា និងការរៀបចំផែនការអភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការកាប់ទន្ទ្រាន ឈូសឆាយ និងចូលកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់។ សូមកុំយកផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សង្គមជាតិ។ យើងទាំងអស់គ្នាត្រូវចូលរួមការពារដីរដ្ឋ ព្រៃឈើ និងធនធានធម្មជាតិ ដោយគោរពច្បាប់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

សូមជម្រាបផងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានធ្វើទាំងពីរស្រុកទទួលបានសំណួរ និងសំណូមពរសរុបចំនួន៥២ ដោយស្រុកសណ្តាន់ ទទួលបានសំណួរ និងសំណូមពរចំនួន ៣១ សំណួរចំនួន ៣ និងសំណូមពរចំនួន ២៨ ហើយស្រុកប្រាសាទសំបូរ ទទួលបានសំណួរ និងសំណូមពរចំនួន២១ សំណួរចំនួន១ និងសំណូមពរចំនួន២០៕
ដោយ ស៊ុម វណ្ណា





