ពិធីប្រកាសតែងតាំងអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ផ្តោតលើការកសាងសមត្ថភាព និងពង្រឹងកិច្ចសហការលើវិស័យសុខាភិបាល
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- នៅសាលប្រជុំសណ្ឋាគារបឹងសំរឹទ្ធ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសតែងតាំងអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីអភិបាលស្រុកតាំងគោក អភិបាលស្រុកបារាយណ៍ អភិបាលស្រុកសន្ទុក ព្រមទាំងមេឃុំ ប្រធាន និងអនុប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី។

លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានឡើងអានរបាយការណ៍ស្វាគមន៍ និងគូសបញ្ជាក់អំពីសមិទ្ធផល ព្រមទាំងបច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងវិស័យសុខាភិបាលនៅតាមបណ្តាស្រុកទាំងបី រួមមាន ស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក។

ទន្ទឹមនឹងនេះអភិបាលស្រុកទាំងបី ជាពិសេសលោកអភិបាលស្រុកតាំងគោក បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកអនុបណ្ឌិត សាន់ វឌ្ឍនៈ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ក្នុងឱកាសនេះព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុក ក្នុងការឆ្លើយតប និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការងារផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលនៃររដ្ឋបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានចែករំលែកនូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ រួមមាន៖ ១. ពង្រឹងគុណភាពសេវាសុខាភិបាល ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំ ព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

២. ពង្រឹងកិច្ចសហការ បន្តបង្កើនកិច្ចសហការជិតស្និទ្ធរវាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាពការងារសុខភាពសាធារណៈ និង៣. ការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាព ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកសុខាភិបាល និងការថែរក្សាឧបករណ៍ សម្ភារវេជ្ជសាស្ត្រឱ្យបានគង់វង្ស ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ដោយ ស៊ុម វណ្ណា





