អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសស៊ូដង់
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឥតឈប់ឈរទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសស៊ូដង់។
លោក ស្ទេហ្វេន ឌូចារីក (Stephane Dujarric) អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍អំពីការសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទីផ្សារមួយ ក្នុងតំបន់ Al Dibab រដ្ឋ West Kordofan កាលពីថ្ងៃអាទិត្យ»។
អ្នកនាំពាក្យរូបនេះបានបន្តថា៖ «ការវាយប្រហារនេះ គឺជាផ្នែកមួយនៃនិន្នាការដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ យើងនៅតែមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឥតឈប់ឈរនៅទូទាំងប្រទេស ក៏ដូចជាការខូចខាតដែលវាបង្កឡើងចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ការវាយប្រហារទាំងនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ ដែលកំពុងជួបការលំបាករួចទៅហើយពីផលវិបាកនៃជម្លោះរយៈពេលជាង ៣ឆ្នាំមកនេះ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «យើងសូមបញ្ជាក់ជាថ្មីថា ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវតែទទួលបានការការពារស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងអស់ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីចៀសវាងការប៉ះពាល់ដល់ជនស៊ីវិល និងវត្ថុដែលមិនមែនជាគោលដៅយោធាក្នុងអំឡុងពេលប្រតិបត្តិការយោធា»។
លោក ឌូចារីក ក៏បានលើកឡើងដែរថា អង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់ នៅតាមព្រំដែនភាគខាងត្បូងចូលទៅក្នុងតំបន់ Abyei ដែលស្ថិតនៅចន្លោះប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង។ ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៨នាក់នៅទីផ្សារអាមេត និងតំបន់ Todach ខណៈមនុស្សជាច្រើនទៀតបានរងរបួស និងមិនទាន់ដឹងពីជោគវាសនានៅឡើយ។
លោកបានឱ្យដឹងថា លោក ប៉េកា ហាវីស្តូ (Pekka Haavisto) ដែលជាបេសកជនផ្ទាល់ខ្លួនរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងស្ថិតនៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមក្នុង «កិច្ចប្រជុំពិគ្រោះយោបល់លើកទី៦ ស្តីពីការពង្រឹងការសម្របសម្រួលគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅស៊ូដង់»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





