នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលលើវិស័យវេជ្ជសាស្ត្របុរាណ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- លោក លី ឈៀង នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការ ប្រើប្រាស់ធនធានឱសថបុរាណពិភពលោកឱ្យកាន់តែមានប្រសិទ្ធភាព និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់សុខភាពមនុស្សជាតិ។
លោក លី បានលើកឡើងបែបនេះនៅក្នុងពិធីបើកសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ដែលមានអ្នកចូលរួមប្រមាណ ១.២០០នាក់។
ដោយកត់សម្គាល់ថា ឱសថបុរាណ គឺជាកម្លាំងដ៏ពិសេសមួយសម្រាប់ការការពារសុខភាពមនុស្ស និងការជំរុញវឌ្ឍនភាពនៃអារ្យធម៌ លោក លីបានមានប្រសាសន៍ថា ឱសថបុរាណចិនបានដើរលើមាគ៌ាអភិវឌ្ឍន៍ដ៏ពិសេសមួយ តាមរយៈការអនុវត្តជាក់ស្តែងអស់រយៈពេលជាយូរមកហើយ។
លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ក្នុងវិស័យឱសថបុរាណ។ លោកបានបញ្ជាក់ថា ប្រទេសចិននឹងជំរុញការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល និងភាពឆ្លាតវៃនៅក្នុងវិស័យឱសថបុរាណចិន (TCM) ព្រមទាំងលើកទឹកចិត្ត និងគាំទ្រដល់ការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នស្រាវជ្រាវ និងសហគ្រាសនានាទាំងក្នុងប្រទេសចិន និងបរទេស។
លោក លី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងវិស័យនេះ ហើយបានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការពង្រីកកម្មវិធីសាកល្បងនានា ដើម្បីបើកទូលាយនៃវិស័យសេវាកម្មវេជ្ជសាស្ត្រ ព្រមទាំងធ្វើការជាមួយភាគីទាំងអស់ដើម្បីជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលអភិរក្សធនធានឱសថ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។
លោក លី បានលើកឡើងថា គួរតែមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពសម្រាប់មនុស្សគ្រប់គ្នា និងជំរុញសមធម៌សុខភាពសកល។ លោកបានបន្ថែមថា ប្រទេសចិននឹងបំពេញការទទួលខុសត្រូវរបស់ខ្លួនឱ្យអស់ពីលទ្ធភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតសុខភាពនៅលើពិភពលោក។
លោក លី បានកត់សម្គាល់ថា នៅពេលមនុស្សម្នាក់ឈឺ ពួកគេត្រូវការការព្យាបាល និងការថែទាំ។ ក្នុងន័យដូចគ្នាដែរ នៅពេលពិភពលោកជួបប្រទះបញ្ហា និងបញ្ហាប្រឈមនានាក្នុងដំណើរការអភិវឌ្ឍ នោះវាក៏ត្រូវការការគ្រប់គ្រងផងដែរ។
លោកបានពន្យល់ថា ឱសថបុរាណចិន (TCM) ផ្តោតលើវិធីសាស្ត្ររួមនិងភាពសុខដុមរមនាក្នុងការព្យាបាលជំងឺ ដោយផ្តោតលើការព្យាបាលជាប្រព័ន្ធ និងការពង្រឹងមូលដ្ឋានគ្រឹះនៃរាងកាយ។ ការគ្រប់គ្រងសេដ្ឋកិច្ចក៏អនុវត្តតាមគោលការណ៍ស្រដៀងគ្នានេះដែរ។
លោក លី បានចង្អុលបង្ហាញថា មិនមានគំរូតែមួយណាមួយដែលអាចដោះស្រាយរាល់បញ្ហាទាំងអស់បាននោះទេ។ លោកបានអំពាវនាវឱ្យបណ្តាប្រទេសនានា បង្ហាញនូវភាពឈ្លាសវៃបន្ថែមទៀតក្នុងការលើកកម្ពស់បរិយាបន្ន និងភាពសុខដុមរមនា ហើយកុំផ្តោតខ្លាំងពេកទៅលើការប្រកួតប្រជែងបែប «អ្នកឈ្នះបានទាំងអស់ អ្នកចាញ់បាត់បង់ទាំងអស់» ឬការមើលឃើញខ្លីតាមរយៈការអនុវត្តគោលនយោបាយនានាដែលបង្កផលប៉ះពាល់ដល់ប្រទេសជិតខាង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





