គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រសកលលោក
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- ប្រតិភូជាង ២០០នាក់មកពី២៤ប្រទេស បានជួបជុំគ្នានៅទីក្រុងហ្វូចូវ ខេត្តហ្វូជាន សម្រាប់កិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋាននៃគំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងមិត្តភាពអន្តរជាតិ។ អ្នកចូលរួមបានសន្យាថានឹងទាញយកអត្ថប្រយោជន៍ពីផ្លូវសូត្រសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ចសកលលោកតាមរយៈវិស័យសំខាន់ៗ ដូចជាភស្តុភារកំពង់ផែ ថាមពលកកើតឡើងវិញសមុទ្រ នេសាទ ឧបករណ៍សមុទ្រជ្រៅ និងជីវឱសថ។ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសមុទ្រ និងការអភិរក្សផងដែរ ខណៈដែលប្រតិភូបានគាំទ្រការដេញថ្លៃរបស់ទីក្រុងស៊ាមេន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអចិន្ត្រៃយ៍សម្រាប់កិច្ចព្រមព្រៀងសន្ធិសញ្ញាសមុទ្រខ្ពស់ (BBNJ)។
តំណាងអន្តរជាតិ បានគូសបញ្ជាក់ពីឱកាសជាក់ស្តែងដែលកើតចេញពីគំនិតផ្តួចផ្តើមនេះ។ ទីក្រុងហ្វូជានបានពង្រីកទំនាក់ទំនងជាសកល ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព និងភាពជាដៃគូកំពង់ផែជាមួយសមភាគីនៅទូទាំងតំបន់អាម៉េរិកខាងត្បូង អាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ប្រតិភូទៅពីប្រទេសកម្ពុជា ម៉ូសំប៊ិក និងឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើការពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការចិញ្ចឹមសារាយសមុទ្រ និងការនេសាទ — រួមទាំងគម្រោងនេសាទរួមគ្នា ដែលទើបនឹងដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះនៅក្នុងខេត្តម៉ាលូគូ របស់ប្រទេសឥណ្ឌណេស៊ី ដែលមាននាវាទំនើបៗ និងភស្តុភារខ្សែសង្វាក់ត្រជាក់ជាដើម។
ខេត្តម្ចាស់ផ្ទះហ្វូជាន បានបង្ហាញពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអេកូឡូស៊ីដ៏រឹងមាំ ដោយបានរាយការណ៍ថា ផលិតផលសមុទ្រសរុបឆ្នាំ២០២៥ មានលើសពី ១,៣ពាន់ពាន់លានយន់ (១៩៤ពាន់លានដុល្លារអាម៉េរិក)។ ខេត្តនេះកាន់កាប់ជាងពាក់កណ្តាលនៃបរិមាណជួញដូរអាងស្តុកកាបូនសមុទ្ររបស់ប្រទេសចិន។ មន្ត្រីបានអំពាវនាវឱ្យមានកិច្ចសហការអន្តរជាតិកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនឧស្សាហកម្មសមុទ្រដែលកំពុងរីកចម្រើន និងការពារបរិស្ថានមហាសមុទ្រសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





