សន្និសីទ COP17 ជំរុញឱ្យមានសកម្មភាពដើម្បីសម្រេចគោលដៅនានាពាក់ព័ន្ធនឹងជីវៈចម្រុះ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- នៅក្នុងសន្និសីទលើកទី១៧ នៃភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីជីវៈចម្រុះ (COP17) នៅទីក្រុងយ៉េរ៉េវ៉ាន់របស់ប្រទេសអាមេនី ប្រទេសចិនបានជំរុញឱ្យប្រទេសអភិវឌ្ឍន៍នានាពន្លឿនការគៀគរធនធាន និងការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចប្រជុំកំពូលដែលប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តងនេះ មានប្រធានបទ ស្តីពី «ការចាត់វិធានការដើម្បីធម្មជាតិ» ហើយវា គឺជាការពិនិត្យឡើងវិញជាសកលជាលើកដំបូងអំពីវឌ្ឍនភាពរួមឆ្ពោះទៅរក «ក្របខ័ណ្ឌសកល ស្តីពីជីវៈចម្រុះ គុនមីង-ម៉ុងត្រេអាល់» ដែលត្រូវបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ COP15។
លោក ហ័ង រូនគុយ រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់ប្រទេសចិន និងជាអតីតប្រធានកិច្ចប្រជុំ COP15 បានលើកឡើងពីលទ្ធផលសំខាន់ៗនៃ «កិច្ចសន្ទនាគុនមីង» ដែលបានធ្វើឡើងកាលពីខែកញ្ញា។ កិច្ចសន្ទនានេះបានដាក់ចេញនូវអនុសាសន៍ស្នូលចំនួន៥ ដើម្បីជំរុញគោលដៅឆ្នាំ២០៥០ និងគោលដៅឆ្នាំ២០៣០ នៃក្របខ័ណ្ឌនេះ រួមទាំងការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣០%។វិធានការទាំងនេះរួមមាន ការធ្វើបច្ចុប្បន្នភាពគោលដៅថ្នាក់ជាតិ ការកែលម្អឧបករណ៍គោលនយោបាយ ការពង្រឹងការចូលរួមពីវិស័យផ្សេងៗគ្នា និងការកែលម្អទិន្នន័យសម្រាប់ការតាមដានប្រព័ន្ធអេកូឡូស៊ី។
ទោះបីជាគណៈប្រតិភូទាំងឡាយបានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ និងស្តារការបាត់បង់ជីវៈចម្រុះក៏ដោយក៏លោក ហ័ង បានសង្កត់ធ្ងន់ថា នៅតែមានគម្លាតដ៏ធំមួយរវាងសកម្មភាពបច្ចុប្បន្ន និងគោលដៅប្រកបដោយមហិច្ឆតារបស់ក្របខ័ណ្ឌនេះ។ លោកបានអំពាវនាវដល់ភាគីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវពហុភាគីនិយមចាត់វិធានការជាប្រព័ន្ធ និងវិធានការផ្លាស់ប្តូរជាមូលដ្ឋាន ព្រមទាំងប្រែក្លាយការប្តេជ្ញាចិត្តនានាទៅជាសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីការពារជីវៈចម្រុះសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





