ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការស្បៀង និងកសិកម្ម (FAO)
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Robekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ដ្រីបានសម្តែងការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) នាពេលបច្ចុប្បន្ន និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់អង្គការស្បៀង និងកសិកម្មជាមួយប្រទេសកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការលើកកម្ពស់សេវាកសិ-ឧតុនិយម(agrometeorology) ការពង្រឹងភាពធន់នឹងអាកាសធាតុ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL Project)។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់មួយ ដែលគាំទ្រដល់ការលើកកម្ពស់ផលិតភាព វិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏ដើម្បីធានាថាព័ត៌មានឧតុនិយម និងអាកាសធាតុ ដែលទាន់ពេលវេលា អាចទុកចិត្តបាន និងអាចយកទៅប្រើប្រាស់បានជាក់ស្តែង នឹងទៅដល់ដៃកសិករ និងភាគីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ជួយ៖ ១-បន្តជួយពង្រឹងបណ្តាញស្ថានីយកសិ-ឧតុនិយម ដើម្បីធានាបាននូវគុណភាពទិន្នន័យ ភាពអាចទុកចិត្តបាន និងនិរន្តរភាពនៃសេវាកម្ម។ ២- បន្តកៀរគរធនធានបន្ថែមជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពង្រឹងសេវាឧតុនិយម និងអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធជូនដំណឹងជាមុន និង៣- ជួយអភិវឌ្ឍន៍ធនធានមនុស្សលើជំនាញឧតុនិយម ជលសាស្ត្រ កសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង និងប្រសិទ្ធភាពនៃសេវាសាធារណៈ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





