សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលទេយ្យទាន និងថវិកាពីព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា
AKP បាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលយកទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យមួយចំនួនពីព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង ព្រមទាំងសហការីនៃសាលាអនុគណក្រុងបាត់ដំបង ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មសត្ថា ហេង សុខន ព្រះកិច្ចកោលសលព្រះមេគណខេត្តបាត់ដំបង។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តឯករស្មី ហៅទួលតាឯក ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា បានមានថេរដីកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ដែលមានឯកឧត្តម សុខ លូ ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ នៃគណៈមហានិកាយក្នុងក្រុងបាត់ដំបង បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនៅកម្ពុជា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះខ្លាំង។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះទឹកព្រះទ័យ និងទឹកចិត្តដ៏ជ្រះថ្លារបស់ព្រះមន្ត្រីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុង ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ជារៀងរាល់ឆ្នាំ សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





