ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សាការងារជាមួយអគ្គលេខាធិការមូលនិធិ WeLoveU Foundation
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Lee Seung-An អគ្គលេខាធិការមូលនិធិ WeLoveU Foundation នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្នុងជំនួបនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងគម្រោងពង្រីកកម្មវិធីមនុស្សធម៌របស់មូលនិធិ WeLoveU Foundation នៅប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានមាន ប្រសាសន៍ថា ឆ្នាំ២០២៧ ខាងមុខនេះ ជាឆ្នាំដ៏សំខាន់នៃខួបគម្រប់ ៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកឧត្តមសង្ឃឹមថាលោកស្រីប្រធានមូលនិធិ និងគណៈ ប្រតិភូ ពិនិត្យលទ្ធភាពអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា និងពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅតាមបណ្តាទីជនបទនៃប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកអគ្គលេខាធិការ ក៏បានជម្រាបជូនឯកឧត្តមថា លោកមានគម្រោងទៅទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខនេះផងដែរ ដោយនាំយកនូវជំនួយជាកុំព្យូទ័រ ជូនដល់ប្អូនៗសិស្សានុសិស្សនៅតាមសាលារៀននៅតាមតំបន់ជនបទ ដែលកំពុងជួបប្រទះនឹងការខ្វះខាត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអគ្គលេខាធិកាក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ចូលរួមកម្មវិធីតន្ត្រីមនុស្សធម៌ប្រចាំឆ្នាំ ដែលរៀបចំដោយមូលនិធិ WeLoveU Foundation នៅខែវិច្ឆិកាខាងមុខនេះ ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





