សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱកាសពីពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ រឿងព្រំដែនជាមួយថៃ ដើម្បីបូរណភាពទឹកដី
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមផ្តល់ឱកាស និងទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយរក្សាភាពស្ងៀមស្ងាត់និងភាពម៉ត់ចត់ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងជៀសវាងការជឿព័ត៌មានគ្មានមូលដ្ឋានដែលបង្កការយល់ច្រឡំ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចធិបតីបានគូសបញ្ជាក់ថា បញ្ហាទឹកដីនិងបូរណភាពទឹកដីគឺជារឿងធំបំផុត ដែលគ្មាននរណាម្នាក់មិនព្រួយបារម្ភនោះឡើយ ហើយរាជរដ្ឋាភិបាលមិនដែលបោះបង់ចោលកាតព្វកិច្ចការពារទឹកដីរបស់ខ្លួនឡើយ។ សម្តេចបានរិះគន់ចំពោះសកម្មភាពរបស់លោក អ៊ុំ សំអាន ដែលបានលើកឡើងនិងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ជុំវិញបញ្ហាព្រំដែនរវាងបង្គោលសីមាលេខ៥២ និង៥៩ ដោយគ្រាន់តែផ្អែកលើការនិយាយតៗគ្នាថា «ឮគេថា» ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងបង្កើតឱ្យមានការសង្ស័យគ្នារវាងខ្មែរនិងខ្មែរ។
បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកឡើងរបស់ក្រុមប្រឆាំង ជាពិសេសនៅពេលជិតដល់រដូវកាលបោះឆ្នោត គឺគ្រាន់តែជាការរិះរកលេសដើម្បីទាញយកផលចំណេញនយោបាយ និងបង្កើតលក្ខខណ្ឌផ្សេងៗដើម្បីយករួចខ្លួនប៉ុណ្ណោះ ដោយមិនមែនជាការបង្ហាញពីសេចក្តីស្រឡាញ់ជាតិពិតប្រាកដនោះឡើយ។ សម្តេចក៏បានចំអកដល់ការលើកឡើងរបស់លោក អ៊ុំ សំអាន ដែលមិនហ៊ានត្រឡប់មកស្រុកកំណើតដើម្បីជជែកដេញដោលគ្នាដោយផ្ទាល់លើរឿងព្រំដែននេះ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





