សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ជំរុញការពង្រឹងសមត្ថភាព និងការគ្រប់គ្រងផ្អែកលើលទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
AKP សៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានជំរុញការពង្រឹងសមត្ថភាពដល់សមាជិកក្រុមប្រឹក្សា និងមន្ត្រីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈវគ្គបណ្តុះបណ្តាលស្តីពី «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផល» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ។

ឯកឧត្តម យឹម សុខុម អនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងការយល់ដឹងអំពីចក្ខុវិស័យ បេសកកម្ម និងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមក និងការលើកកម្ពស់ការគ្រប់គ្រងផ្អែកលើលទ្ធផលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែជាអាទិភាពស្នូលរបស់សមាគម ដើម្បីឱ្យស្ថាប័នទាំងនេះអាចឆ្លើយតបបានកាន់តែប្រសើរចំពោះការវិវត្តនៃសង្គម-សេដ្ឋកិច្ច និងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះ សមាគមក៏បានដាក់ចេញផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៥-២០២៩) ដើម្បីតម្រង់ទិសការងារ ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ព្រមទាំងលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងផ្អែកលើលទ្ធផល ដោយលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់សិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងចូលរួមពិភាក្សាឱ្យបានសកម្ម ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងអង្គភាពរៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគុណភាពសេវាសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន សមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ដោយ៖ ឃុត សៅ





