មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនទីបញ្ជាការស្រាលចំនួនពីរគោលដៅ
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅសំណេះសំណាងសាកសួរសុខទុក្ខ និងនាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគប្រគល់ជូនទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួនពីរគោលដៅនៅតំបន់ភ្នំជីមូស ស្ថិតក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ហែម ថន និងលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាងស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឡើងរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែថ្មីៗកន្លងទៅនេះ កងកម្លាំងទីបញ្ជាការស្រាលទាំងពីរគោលដៅ បានខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយគ្មានគិតពីថ្ងៃឈប់សម្រាកនិងការនឿយហត់ឡើយ។ ជាលទ្ធផលក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ របាំងស្បៃមុងរាប់ម៉ឺនម៉ែត្រ បង្គោលរបាំងឈើរាប់ម៉ឺនដើម ត្រូវបានបំផ្លាញ់ចោលហើយជាមួយនេះដែរ កងកម្លាំងបានសហការជាមួយស្ថាប័នជំនាញចាក់ព្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានរាប់រយគីឡូក្រាម។ បច្ចុប្បន្ននេះ របាំងស្បៃមុងខុសច្បាប់ ដែលបានដាក់នៅបែកខាងក្រោម ស្រុកកំពង់ស្វាយនិងស្រុកស្ទោង ខេត្តកំពង់ធំជាប់ព្រំប្រទល់ស្រុកជីក្រែងខេត្តសៀមរាប ត្រូវបានកងកម្លាំងចម្រុះកាប់បំផ្លាញចោលជាបន្តបន្ទាប់ធ្វើឱ្យបទល្មើស មានការថយចុះគួរឱ្យកត់សម្គាល់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយស្ថាប័នជំនាញពាក់ព័ន្ធក្នុងការរួមគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលល្អប្រសើរគួជាទីមោទនស្របតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសម្បូរឡើងវិញនិងសម្រាប់សេចក្ដីត្រូវការរបស់សង្គមជាតិយើងទាំងមូល និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំងពីរគោលដៅត្រូវបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ឱ្យដូចភ្លៀងរលឹម។ជាមួយនោះត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីចាប់ឃាត់ខ្លួនជនណានៅតែរំលោភបំពាននឹងនៅតែប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដោយមិនរាងចាល ដើម្បីបញ្ជូនទៅស្ថាប័នជំនាញមានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផលឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈចំនួន៧០០លីត្រ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់ទីបញ្ជាការស្រាលទាំងពីរ ហើយបានបន្តរួមគ្នាចូលរួមបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដោយបានកាប់បំផ្លាញចោលរបាំងស្បៃមុងចំនួន៧ របាំងប្រវែង២២០ ម៉ែត្រ និងរបាំងសាច់អួនក្រឡាញឹកខុសច្បាប់បានមួយរបាំងដែលមានប្រវែង៧០ម៉ែត្រ លូឬលប ៩ មាត់ឡុកចំនួន១គ្រឿង បង្គោលឈើជាង៣០០ដើម និងបានចាក់លែងកូនត្រីចម្រុះជាង៣០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ៕
ដោយ ស៊ុម វណ្ណា





