ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគារ សុខាភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យឯកជន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងបានផ្តល់អនុសាសន៍តម្រង់ទិសជាបន្តបន្ទាប់ ដើម្បីឱ្យយុទ្ធសាស្ត្រជាតិនេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់សហគ្រាស។ សកម្មភាពប្រកបដោយភាពស្វាហាប់ និងប្រាកដនិយមរបស់ សម្តេច បានផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តយ៉ាងមុតមាំដល់ធុរជន និងអ្នកវិនិយោគនៅកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (អ.ស.ត.ម.) ដែលនឹងក្លាយជាយន្តការសំខាន់មួយក្នុងការសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់ ឬបន្តអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម ។
ក្នុងបរិការដែលសេដ្ឋកិច្ចតំបន់ និងសកលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដោយប្រឈមនឹងភាពមិនប្រាកដប្រជានៃទីផ្សារ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងកាន់តែខ្លាំង និងតម្រូវការថ្មីៗផ្នែកបច្ចេកវិទ្យា ស្តង់ដា និងបរិស្ថាន, ការពង្រឹងសមត្ថភាពផលិតកម្ម និងសេវាកម្មក្នុងស្រុកកាន់តែមានសារសំខាន់ចំពោះការពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។
ក្នុងន័យនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានតួនាទីគន្លឹះ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញផលិតកម្ម សេវាកម្មក្នុងស្រុក និងរួមចំណែកដល់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាង ៤៤.០០០ មូលដ្ឋាន ដែលផ្តល់ការងារជិត ៥០ ម៉ឺនកន្លែង។ តួលេខនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំហំ និងសារសំខាន់របស់វិស័យនេះចំពោះសកម្មភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពល រដ្ឋ។ ទោះយ៉ាងណា បញ្ហាប្រឈមរបស់យើងនៅដំណាក់កាលបន្ទាប់ មិនមែនត្រឹមតែការបង្កើនចំនួនសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើឱ្យសហគ្រាសទាំងនេះកាន់តែមានផលិតភាព គុណភាព និងស្តង់ដា ចាប់យកបច្ចេកវិទ្យាបានកាន់តែប្រសើរ និងអាចតភ្ជាប់ទៅនឹងទីផ្សារ រោងចក្រធំៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់៕
ដោយ៖ គង់ សិរីរ័ត្ន





