សម្តេច ម៉ែន សំអន គោរពជូនពរសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឆាប់បានជាសះស្បើយឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ និងសូមអរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់នាពេលនេះ។
ជាមួយគ្នានោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអរគុណដល់ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានព្យាបាល និងថែទាំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង នាពេល នេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះ មហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឆាប់បានជាសះស្បើយពីជំងឺ ព្រមជាមួយ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖សម្តេចឥស្សរវិទេសបញ្ញាហោ ណាំហុង គឺជាអ្នកទូត និងជាអ្នកនយោបាយជាន់ខ្ពស់ដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកម្ពុជា ដែលបានចំណាយពេលច្រើនទស វត្សរ៍ក្នុងការបម្រើជាតិលើវិស័យការបរទេស និងកិច្ចការរដ្ឋ បាលសាធារណៈ ។ ជីវប្រវត្តិនិងបទពិសោធន៍ការងារសំខាន់ៗរបស់ឯកឧត្ដម ។ ថ្ងៃខែឆ្នាំកំណើត ១៥ វិច្ឆិកាឆ្នាំ១៩៣៥ ទីកន្លែងកំណើត៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជាការសិក្សា៖ បញ្ចប់ការសិក្សាផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ នៅប្រទេសបារាំង បទពិសោធន៍ និងប្រវត្តិការងារសំខាន់ៗ ១. ដំណាក់កាលដំបូង និងការងារទូត (ទសវត្សរ៍ឆ្នាំ ១៩៦០ - ១៩៩០) ឆ្នាំ ១៩៦៧-១៩៧៣៖ បម្រើការងារជាមន្ត្រីទូតនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង (ទីក្រុងប៉ារីស)។ ឆ្នាំ ១៩៧៣ - ១៩៧៥៖ ទទួលតំណែងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូប៉ា (Cuba)។ ឆ្នាំ ១៩៨០- ១៩៨៨៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ឆ្នាំ ១៩៨៩-១៩៩០ជារដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី។ ឆ្នាំ ១៩៩០-១៩៩៣ រដ្ឋមន្ត្រីក្រសួងការបរទេស(អាណត្តិទី២)។ឆ្នាំ ១៩៩៣-១៩៩៨៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង និងជាតំណាងកម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO) ។ ឆ្នាំ១៩៩៨-២០១៦៖ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា (ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងពង្រឹងទំនាក់ទំនងការទូតកម្ពុជាលើឆាកអន្តរជាតិ)។ ឆ្នាំ ២០១៦-២០២៣៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស រួមទាំងការងារទំនាក់ទំនងជាមួយបណ្តាប្រទេសដៃគូ ជាពិសេសតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ឆ្នាំ២០២៣- បច្ចុប្បន្ន៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា(ថ្នាក់ឧបនាយករដ្ឋមន្ត្រី)បន្ទាប់ពីបានផ្លាស់ប្តូរវេនដឹកនាំជូនជំនាន់ក្រោយ៕ ដោយ៖
សួស សំរិត





