ហ្សាំប៊ី និងទីភ្នាក់ងារ IAEA ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសហ្សំប៊ី និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីថ្ងៃចន្ទ បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធីនុយក្លេអ៊ែរ រួមទាំងការថែទាំជំងឺមហារីកនិងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ការប្តេជ្ញាចិត្តនេះបានកើតឡើងក្នុងអំឡុងពេលចរចារវាងក្រុមមួយមកពីផ្នែកអាហ្វ្រិករបស់ទីភ្នាក់ងារ IAEA និងមន្ត្រីមកពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រហ្សំប៊ីនៅទីក្រុងលូសាកា ប្រទេសហ្សំប៊ី។
កិច្ចចរចានេះផ្តោតលើកិច្ចសហការជាបន្តបន្ទាប់ក្នុងការថែទាំជំងឺមហារីក វេជ្ជសាស្ត្រវិទ្យុសកម្ម ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ការផ្តល់ឧបករណ៍ ការបណ្តុះបណ្តាលបច្ចេកទេស និងការកសាងសមត្ថភាពបទប្បញ្ញត្តិជាដើម។
លោក ដេរីក សាប៊យ (Derick Saboi) នាយកផែនការ និងព័ត៌មាននៅក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានទទួលស្គាល់ការគាំទ្ររបស់ទីភ្នាក់ងារ IAEA ក្នុងសេវាកម្មព្យាបាលជំងឺមហារីក និងកម្មវិធីកសាងសមត្ថភាព ដោយកត់សម្គាល់ពីសារៈសំខាន់របស់ពួកគេ ខណៈដែលហ្សំប៊ីកំពុងរៀបចំអភិវឌ្ឍកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន។
លោកបានអំពាវនាវឱ្យទីភ្នាក់ងារនេះបន្តការគាំទ្រ និងសម្រួលដល់ការចូលរួមរបស់មន្ត្រីហ្សំប៊ីនៅក្នុងកិច្ចប្រជុំបច្ចេកទេស គោលនយោបាយនិងច្បាប់ពាក់ព័ន្ធ។
លោក ហ្គាសាវ វូល (Gashaw Wolde) នាយកស្តីទីនៃផ្នែកសហប្រតិបត្តិការបច្ចេកទេសទីភ្នាក់ងារ IAEA ប្រចាំទ្វីបអាហ្វ្រិក បានទទួលស្គាល់ប្រទេសហ្សំប៊ីថាជាដៃគូយូរអង្វែងមួយក្នុងវិស័យសុខាភិបាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈពេលដែលបានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកវេជ្ជសាស្ត្រវិទ្យុសកម្មតាមរយៈការជួសជុលឡើងវិញនូវកន្លែង និងការទិញយកឧបករណ៍។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក វូល ក៏បានសរសើរវឌ្ឍនភាពរបស់ប្រទេសហ្សំប៊ីក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងការបណ្តុះបណ្តាលបច្ចេកទេស និងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ទីភ្នាក់ងារ IAEA ក្នុងការបន្តកិច្ចសហប្រតិបត្តិការតាមរយៈគម្រោងជាតិ និងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





