នាយករដ្ឋមន្ត្រីចិនថ្លែងថា នឹងបន្តជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីចិន លោក លីឈាង (Li Qiang) បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនប្រកាន់ខ្ជាប់នូវស្មារតីនៃគំនិតផ្តួចផ្តើម និងសំណើសំខាន់ៗជាបន្តបន្ទាប់ដែលលើកឡើងដោយប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) នឹងបន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងជំនួបជាមួយអនុប្រធានាធិបតីទីមួយនៃប្រទេសអ៊ីរ៉ង់ លោក ម៉ូហាមមេដ រេហ្សា អារេហ្វ (Mohammad-Reza Aref) ក្នុងឱកាសនៃកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) លោក លី ឈាំង បានបញ្ជាក់ថា ប្រទេសចិនបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជំរុញសន្តិភាព និងលើកកម្ពស់កិច្ចសន្ទនា។
ដោយកត់សម្គាល់ថា ប្រទេសចិន និងអ៊ីរ៉ង់ សុទ្ធតែជាអរិយធម៌បុរាណដែលមានប្រវត្តិមិត្តភាពជាប្រពៃណីដ៏យូរលង់ លោក លី ឈាង បានលើកឡើងថា ក្នុងរយៈពេល ៥៥ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសចិន និងអ៊ីរ៉ង់ បានរក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងភាពរឹងមាំ ព្រមទាំងអាចឆ្លងកាត់ការសាកល្បងនៃស្ថានការណ៍អន្តរជាតិដែលតែងតែប្រែប្រួល។
លោក លី ឈាង បានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអ៊ីរ៉ង់ ហើយប្រទេសចិនត្រៀមខ្លួនរួចរាល់ក្នុងការឆ្លៀតយកឱកាសនេះ ដើម្បីធ្វើការជាមួយប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅរកវឌ្ឍនភាពថ្មីៗនៅក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
ចំណែកឯលោក អារេហ្វ វិញ បានថ្លែងថា ប្រទេសអ៊ីរ៉ង់ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយត្រៀមខ្លួនរួចរាល់ក្នុងការរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ។ លោក អារេហ្វ បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសធំមួយដែលមានការទទួលខុសត្រូវ ប្រទេសចិនតែងតែគាំទ្រពហុភាគីនិយម និងខិតខំការពារផលប្រយោជន៍រួមរបស់បណ្តាប្រទេសនៅតំបន់ «សកលលោកខាងត្បូង» ដែលចំណុចនេះត្រូវបានភាគីអ៊ីរ៉ង់កោតសរសើរ។
លោកបានបញ្ជាក់ថា ភាគីអ៊ីរ៉ង់កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់សន្តិភាព និងបញ្ចប់ជម្លោះនានា ព្រមទាំងស្វាគមន៍ និងគាំទ្រដល់សំណើ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលលើកឡើងដោយប្រធានាធិបតីលោក ស៊ី ជីនពីង ដើម្បីជំរុញសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





