រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយសមភាគីប៊ុលហ្គារី
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាដៃគូរបស់ប្រទេសប៊ុលហ្គារី ក្នុងការជំរុញការតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ការស្វែងរកការអភិវឌ្ឍរួម និងការស្តារឡើងវិញព្រមទាំងការអនុវត្តពហុភាគីនិយម។
លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងបែបនេះក្នុងអំឡុងពេលកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោកស្រី វេលីស្លាវ៉ា ផេត្រូវ៉ា (Velislava Petrova)។ លោកបានកត់សម្គាល់ថា ប្រទេសប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ហើយភាគីទាំងពីរមានមនោសញ្ចេតនាមិត្តភាពចំពោះគ្នាទៅវិញទៅមក។
លោកបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសចិន និងប៊ុលហ្គារី កំពុងជួបប្រទះនូវឱកាសសំខាន់ៗ ហើយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសប៊ុលហ្គារីនេះ គឺធ្វើឡើងក្នុងពេលវេលាដ៏សមស្របមួយ។ លោកបានបន្ថែមថា ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការរៀបចំផែនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៅដំណាក់កាលបន្ទាប់ និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ ដោយបានឈានដល់ការឯកភាពគ្នាលើចំណុចជាច្រើន។
លោក វ៉ាង បានលើកឡើងថា ភាគីទាំងពីរគួរតែបន្តពង្រឹងមូលដ្ឋានគ្រឹះនយោបាយ ព្រមទាំងពង្រឹងការទំនាក់ទំនង និងការសម្របសម្រួល ដើម្បីបង្កើតលក្ខខណ្ឌសំខាន់ៗសម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោក វ៉ាង បានបញ្ជាក់ថា ប្រទេសចិនគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសប៊ុលហ្គារី ហើយរីករាយដែលឃើញប្រទេសប៊ុលហ្គារីពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ លោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង និងអាចទុកចិត្តបានរបស់ប្រទេសប៊ុលហ្គារីនៅក្នុងដំណើរការនេះ។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសប៊ុលហ្គារីនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ «ចិនតែមួយ» ព្រមទាំងយល់ដឹង និងគាំទ្រជំហរស្របច្បាប់របស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោកស្រី ប៉េត្រូវ៉ា បានលើកឡើងថា ប្រទេសប៊ុលហ្គារី និងចិនមានចំណងមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យជាច្រើន។ លោកស្រីបានបន្ថែមថា ប្រទេសប៊ុលហ្គារីបានប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនតែមួយ» តាំងពីយូរមកហើយ ហើយនឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយនេះយ៉ាងមុតមាំ។ លើសពីនេះ ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនយ៉ាងសកម្ម គឺជាទិសដៅច្បាស់លាស់មួយរបស់រដ្ឋាភិបាលថ្មីនៃប្រទេសប៊ុលហ្គារី។
លោកស្រីបានបញ្ជាក់ថា ប្រទេសប៊ុលហ្គារីត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន លើវិស័យនានាដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាជឿនលឿន និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ ប្រទេសប៊ុលហ្គារីក៏រំពឹងទុកផងដែរថា នឹងអាចបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបានក្នុងពេលឆាប់ៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





