កិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងបន្ត ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេដ អាល់-អាន់សារី បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅតែបន្តដំណើរការ ដោយភាគីទាំងពីរនៅតែបន្តចូលរួមក្នុងកិច្ចសន្ទនា ខណៈដែលភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។
លោក អាន់សារី ដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកាតាផងដែរនោះ បានថ្លែងនៅក្នុងវេទិកាសន្តិសុខសកលលោក នៅទីក្រុងដូហាថា «កិច្ចចរចាកំពុងបន្ត។ យើងឃើញមានការចូលរួមពីភាគីនានា»។
លោកបានលើកឡើងថា កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅជាមួយដៃគូក្នុងតំបន់ ហើយបានសម្តែងក្តីសង្ឃឹមថា ដំណើរការនេះនឹងអាចឈានទៅរកកិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកក៏បានព្រមានផងដែរថា ស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់កំពុងតែជួបការលំបាកកាន់តែខ្លាំងឡើង។
លោកបានព្រមានថា «ប្រសិនបើការកើនឡើងនៃជម្លោះមិនត្រូវបានទប់ស្កាត់ទេនោះ វាអាចនឹងនាំឱ្យយើងធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់មួយដែលនឹងរីករាលដាលហួសពីព្រំដែននៃតំបន់របស់យើង»។
លោក អាន់សារី បានបញ្ជាក់ថា ដំណើរការបច្ចុប្បន្ននេះ គឺបន្តពីកិច្ចខិតខំប្រឹងប្រែងពីមុននេះ ដែលបានប្រើប្រាស់បទឈប់បាញ់ជាមធ្យោបាយឆ្ពោះទៅរកកិច្ចចរចា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនោះបានបរាជ័យហើយការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញ។
លោកបាននិយាយថា «តាមពិតទៅ បទឈប់បាញ់ណាមួយ គឺប្រៀបបាននឹងទ្វារដែលបើកទៅរកគោលដៅមួយ ជាជាងខ្លួនវាផ្ទាល់ គឺជាគោលដៅនោះ»។ លោកបានបន្ថែមថា បទឈប់បាញ់មុននេះ «បានបរាជ័យទៅវិញហើយ»។
ទាក់ទងនឹងបញ្ហានៅប្រទេសយេម៉ែន លោក អាន់សារី បានលើកឡើងថា ជម្លោះនេះអាចមានជាប់ពាក់ព័ន្ធនឹងភាពតានតឹងដែលមានអ៊ីរ៉ង់ពាក់ព័ន្ធ ប៉ុន្តែក៏មានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់វាផងដែរ។ លោកបានពណ៌នាអំពីការវិវត្តចុងក្រោយនេះថា ជាផ្នែកមួយនៃជណ្តើរនៃការកើនឡើងនៃជម្លោះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២៣ មក។
លោកបានមានប្រសាសន៍ថា «វិធីតែមួយគត់ដើម្បីធានាថា ស្ថានភាពនេះមិនបន្តកើតមានទៀតនោះ គឺត្រូវចាប់ផ្តើមដោះស្រាយជម្លោះទាំងអស់នេះក្នុងពេលតែមួយ»។
អ្នកនាំពាក្យរូបនេះបានបង្ហាញក្តីបារម្ភចំពោះសេចក្តីថ្លែងការណ៍នយោបាយនានា ដែលចេញពីប្រទេសអ៊ីស្រាអែល ដោយលើកឡើងថាភាពមិនស្ថិតស្ថេរនៅក្នុងតំបន់មិនគួរត្រូវបានយកមកប្រើប្រាស់សម្រាប់គោលបំណងនយោបាយក្នុងស្រុកនោះទេ។
លោកបាននិយាយថា «យើងមានក្តីបារម្ភចំពោះសេចក្តីថ្លែងការណ៍នយោបាយជាច្រើនដែលត្រូវបានលើកឡើង ជាពិសេស គឺសេចក្តីថ្លែងការណ៍ដែលចេញពីប្រទេសអ៊ីស្រាអែល»។ លោកបានបន្ថែមទៀតថាការឆ្លៀតយកប្រយោជន៍ពីភាពមិនស្ថិតស្ថេរក្នុងតំបន់ដើម្បីបម្រើដល់ជម្លោះនយោបាយផ្ទៃក្នុងនោះ គឺមិនមែនជារឿងដែលអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវគួរធ្វើនោះឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





