សភាលីប៊ីអនុម័តកិច្ចព្រមព្រៀងដែនសមុទ្រជាមួយតួកគីយ៉េ ដោយផ្លាស់ប្តូរជំហរពីការបដិសេធកាលពីមុន
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- សភាតំណាងរាស្រ្តរបស់ប្រទេសលីប៊ី បានអនុម័តជាឯកច្ឆ័ន្ទទៅលើកិច្ចព្រមព្រៀងព្រំដែនសមុទ្រជាមួយតួកគីយ៉េកាលពីថ្ងៃអង្គារ ដោយបានច្រានចោលការបដិសេធពីមុននៃកិច្ចព្រមព្រៀងនេះ និងការសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយទីក្រុងអង់ការ៉ា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សភាលីប៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅទីក្រុងបេងហ្កាហ្ស៊ី សភាបាននិយាយថា សមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័តលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងតួកគីយ៉េ និងអតីតរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ី ស្តីពីការកំណត់ព្រំដែននៃដែនសមត្ថកិច្ចដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេ។
សភាក៏បានលុបចោលដំណោះស្រាយលេខ១ នៃឆ្នាំ២០២០ ដែលបដិសេធការផ្តល់សច្ចាប័នលើអនុស្សរណៈនៃការយោគយល់ពីរ ដែលបានចុះហត្ថលេខារវាងប្រទេសលីប៊ី និងតួកគីយ៉េ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា សមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីលុបចោលដំណោះស្រាយលេខ៦ នៃឆ្នាំ២០២០ ដែលបានអំពាវនាវឱ្យផ្តាច់ទំនាក់ទំនងនយោបាយជាមួយទីក្រុងអង់ការ៉ា។
ប្រទេសតួកគីយ៉េ និងលីប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែនសមត្ថកិច្ចដែនសមុទ្រក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបង្កើតព្រំដែននៃតំបន់សមុទ្ររៀងៗខ្លួននៅសមុទ្រមេឌីទែរ៉ាណេ។
ការបោះឆ្នោតកាលពីថ្ងៃអង្គារ បានបង្ហាញពីភាពបញ្ច្រាសនៃការប្រឆាំងកាលពីមុនរបស់សភាលីប៊ីចំពោះកិច្ចព្រមព្រៀងនេះ និងគោលជំហរមុនរបស់ខ្លួនចំពោះទំនាក់ទំនងនយោបាយជាមួយនឹងប្រទេសតួកគីយ៉េ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





