នាយករដ្ឋមន្ត្រីបារាំង៖ អាចនឹងមានការដាក់ចេញនូវបម្រាមគោចរបន្ថែមទៀត បន្ទាប់ពីមានអំពើហិង្សាក្នុងការធ្វើកុបកម្មតវ៉ា
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីបារាំង លោកសេបាស្ទៀន ឡឺកូនូ បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរអាចនឹងដាក់ចេញនូវបម្រាមគោចរបន្ថែមទៀតនៅក្នុងតំបន់មួយចំនួន បន្ទាប់ពីមានអំពើហិង្សាកើតឡើងក្នុងអំឡុងពេលនៃការធ្វើកុបកម្មតវ៉ាកាលពីចុងសប្តាហ៍មុនប្រឆាំងនឹងការឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមអ៊ិចរបស់សហរដ្ឋអាមេរិក លោក ឡឺកូនូ បាននិយាយថា ការដាក់បម្រាមគោចរក្នុងតំបន់គោលដៅមួយចំនួន «បានជួយឱ្យស្ថានការណ៍ស្ងប់ស្ងាត់» នៅពេលយប់។ លោកបានបន្ថែមថា វិធានការរឹតត្បិតបន្ថែមទៀតអាចនឹងត្រូវបានប្រកាសនៅពេលឆាប់ៗនេះនៅក្នុងតំបន់មួយចំនួនដែលតម្រូវឱ្យមានវិធានការបែបនេះ។
លោកបានបញ្ជាក់ថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅថ្នាក់មូលដ្ឋានដោយមន្ត្រីរដ្ឋបាលតំបន់ (prefects) ក្នុងកិច្ចសហការជាមួយអភិបាលក្រុងនានា។ បម្រាមគោចរមួយផ្នែកត្រូវបានដាក់ឱ្យអនុវត្តកាលពីយប់ថ្ងៃចន្ទនៅក្នុងតំបន់មួយចំនួន រួមទាំងទីក្រុងប៉ារីស និងទីក្រុងលីយ៉ុង។
កាសែត Le Figaro បានរាយការណ៍ថា ទីក្រុងម៉ាកសីយ៍នឹងដាក់ចេញនូវបម្រាមគោចរសម្រាប់អនីតិជននៅក្នុងតំបន់មួយចំនួនចាប់ពីម៉ោង១០:០០យប់ ដល់ម៉ោង ៥:០០ព្រឹក ដោយចាប់ផ្តើមពីល្ងាចថ្ងៃអង្គារ ហើយវិធានការនេះនឹងបន្តអនុវត្តយ៉ាងហោចណាស់រហូតដល់ថ្ងៃសុក្រ។អភិបាលក្រុងម៉ាកសីយ៍ លោក បឺណ័រ ប៉ាយ៉ាន់ បាននិយាយថា ការរឹតត្បិតនេះនឹងអនុវត្តតែនៅក្នុងតំបន់ពាណិជ្ជកម្មដែលរងការលួចប្លន់ ឬតំបន់ដែលត្រូវបានចាត់ទុកថាមានហានិភ័យប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក ហ្គើរ៉ាដ ដាម៉ាណាំង បានថ្លែងថាគិតត្រឹមពេលថ្ងៃត្រង់កាលពីថ្ងៃអង្គារ មនុស្សចំនួន ១៤៩នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដែលជាតួលេខកើនឡើងពីចំនួន ៦៧នាក់ដែលបានរាយការណ៍នៅពេលមុន។ អាជ្ញាធរធ្លាប់បានរាយការណ៍ពីមុនថា មនុស្សចំនួន ២.៥១៣នាក់ត្រូវបានឃាត់ខ្លួន។
កាលពីព្រឹកថ្ងៃអង្គារដដែលនោះ លោកបានឱ្យដឹងថា ការស៊ើបអង្កេតផ្នែកតុលាការប្រហែល ៥០ករណីត្រូវបានធ្វើឡើង។
ថ្លែងទៅកាន់បណ្តាញព័ត៌មាន CNews-Europe 1 បានឱ្យដឹងថា លោក ដាម៉ាណាំង បានបដិសេធចំពោះតម្រូវការក្នុងការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយលើកឡើងថា អាជ្ញាធរអាចស្តារសណ្តាប់ធ្នាប់ឡើងវិញបានតាមរយៈការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនចាំបាច់រឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋទូទៅនោះទេ។
ទន្ទឹមនឹងនេះ មេដឹកនាំក្រុមសភាបានព្រមព្រៀងគ្នាផ្តួចផ្តើមនីតិវិធីមួយដើម្បីឱ្យគណៈកម្មាធិការច្បាប់នៃរដ្ឋសភា បង្កើតជាគណៈកម្មការស៊ើបអង្កេតមួយ ស្តីពីអំពើហិង្សា ការលួចប្លន់ និងវិធានការរបស់ប៉ូលិសដែលបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ។
ប្រធានរដ្ឋសភាបារាំង លោកស្រី យ៉ាអ៊ែល ប្រូន-ពីវ៉េត បានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយសំណូមពររបស់អ្នកតវ៉ា ដោយលោកស្រីបានលើកឡើងថា មានប្រជាពលរដ្ឋរាប់សែននាក់បានចូលរួមក្នុងការតវ៉ាដោយសន្តិវិធី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





