គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសែនព្រេនចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដែលមានចំនួន២៩ទីតាំង ។

អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថាក្នុងការសែនព្រេនដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នោះគម្រោងទល់ទ្រសង្រ្គោះក្រោយការបំបាញ់បំផ្លាញពីសំណាក់កងទ័ពថៃយ៉ាងធ្ងន់ធ្ងរបំផុតនេះនឹងធ្វើឡើងនៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។

អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងដែរថានៅដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមាន ចំនួន២៣ទីតាំងមកហើយ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

គួរបញ្ជាក់ថាចំពោះគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត៕


ដោយ៖មករា





