កីឡាករពិការ វ៉ាន វ៉ុន ដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងដំបូងជូនជាតិ ក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--កីឡាករពិការ វ៉ាន វ៉ុន របស់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងដំបូង ក្នុងប្រភេទកីឡាអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (ASIAN PARA GAMES) លើកទី៥ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។

កីឡាករអត្តពលកម្មកម្ពុជា វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីនេះ គឺប្រកួតក្នុងវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ បុរស T54។ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាដែលចូលរួមដឹកនាំលើកទឹកចិត្តផ្ទាល់នៅប្រទេសជប៉ុនបានលើកឡើងថា សមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់កីឡាករកម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអបអរសាទរ និងអរគុណនូវការខិតខំប្រឹងប្រែងទាំងអស់គ្នា អត្តពលិកយើងតែ១៧នាក់ ក្នុងចំណោមអត្តពលិកមកពីប្រទេសនានាក្នុងអាស៊ីជាង ៣០០០នាក់។ «កម្ពុជាដណ្តើមបានមេដាយ១ហើយ អស្ចារ្យណាស់ អបអរសាទរទាំងអស់គ្នា វ៉ាន វ៉ុន ជាវីរបុរសរកបានមេដាយទី១មុនគេ សម្រាប់កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ របស់កម្ពុជាយើង ខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួនដោយក្តីរំភើប និងគោរពដឹងគុណជាទីបំផុតនូវការបង្កើត និងផ្តល់កិត្តិយសសម្រាប់ជនពិការ ប្រជាជន និងប្រទេសជាតិយើង»។

គួរបញ្ជាក់ថា ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីពិការកម្ពុជាមាន៣១នាក់ ក្នុងនោះកីឡាករ កីឡាការិនី ១៧នាក់លើ៥ប្រភេទកីឡា ដូចជាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងកីឡាបូស្យា។ អ្វីដែលពិសេសគឺប្រភេទកីឡាបាល់បោះជិះរទេះកម្ពុជា ដែលចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ហ្គេម នៅប្រទេសជប៉ុន ឆ្នាំ២០២៦នេះ គឺជាបេក្ខភាពក្រុមដែលបានប្រកួតជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតទទួលបានសិទ្ធិអនុគ្រោះ៕

ដោយ ហេង ណាលីន (រូបភាព៖ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា)





