អភិបាលខេត្តបន្ទាយមានជ័យជំរុញឱ្យយកចិត្តទុកដាក់ថែទាំមនុស្សចាស់ និងលើកកម្ពស់តម្លៃនៃបទពិសោធន៍របស់មនុស្សចាស់ក្នុងសង្គម
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ក្រុមគ្រួសារ និងសង្គមទាំងមូល បន្តយកចិត្តទុកដាក់ថែទាំមនុស្សចាស់ ប្រកបដោយក្តីគោរព ស្រឡាញ់ និងការទទួលខុសត្រូវ ព្រមទាំងលើកកម្ពស់តួនាទី និងតម្លៃនៃបទពិសោធន៍របស់មនុស្សចាស់ ដើម្បីរួមចំណែកកសាងសង្គមមួយដែលមានសាមគ្គីភាព ការយោគយល់គ្នារវាងជំនាន់ និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានសកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ» ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នៅវិទ្យាល័យស្វាយចេក ស្រុកស្វាយ ចេក កាលពីរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមនុស្សចាស់ជាច្រើនរូប។

ឯកឧត្តមអ៊ុំរាត្រីបានបញ្ជាក់ថា ទិវានេះមិនត្រឹមតែជាការរំលឹកដល់គុណូបការៈ និងការលះបង់របស់មនុស្សចាស់ក្នុងគ្រួសារ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ជំរុញឱ្យកូនចៅ និងមនុស្សគ្រប់វ័យ បន្តបង្ហាញនូវការគោរព ស្រឡាញ់ ការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះមនុស្ស ចាស់ ដែលជាឃ្លាំងចំណេះដឹង បទ ពិសោធន៍ និងជាប្រភពនៃមេរៀនជីវិតដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
តាមរយៈប្រធានបទ «ក្មេងមានសកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ» បានបង្ហាញពីទំនាក់ទំនងដ៏មានសារៈសំខាន់រវាងមនុស្សជំនាន់ក្មេង និងមនុស្សជំនាន់ចាស់។ យុវជនមានកម្លាំង ការសិក្សា និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីៗ ខណៈមនុស្ស ចាស់មានចំណេះដឹង បទពិសោធន៍ និងការឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងជីវិត។ ដូច្នេះ ការរួមបញ្ចូលគ្នារវាងកម្លាំងរបស់យុវជន និងបទពិសោធន៍របស់មនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបន្តថា ក្នុងន័យនេះ ការថែទាំមនុស្សចាស់មិនគួរត្រូវបានចាត់ទុកថាជាកាតព្វកិច្ចរបស់កូនចៅ ឬក្រុមគ្រួសារតែមួយមុខនោះទេ ប៉ុន្តែជាការទទួល ខុសត្រូវរួមរបស់សង្គម ដែលត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ អង្គការដៃគូ និងសហគមន៍ ដើម្បីធានាថា មនុស្សចាស់ទទួលបានការថែទាំសមស្រប ការគាំទ្រផ្នែកសុខុមាលភាព និងឱកាសក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានេះ ការលើកកម្ពស់តម្លៃរបស់មនុស្សចាស់ ក៏ត្រូវផ្តោតលើការស្តាប់មតិយោបល់ ការចែករំលែកបទពិសោ ធន៍ និងការផ្ទេរចំណេះដឹងពីមនុស្សជំនាន់ចាស់ទៅកាន់មនុស្សជំនាន់ក្រោយ។ ការធ្វើបែបនេះនឹងជួយពង្រឹងចំណងសាមគ្គីភាពក្នុងគ្រួសារ បណ្តុះស្មារតីដឹងគុណដល់កូនចៅ និងរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី និងសីលធម៌ល្អក្នុងសង្គមខ្មែរ។
ពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនៅខេត្តបន្ទាយមានជ័យនេះ ក៏ជាសាររំលឹកដល់សាធារណជនឱ្យចូលរួមបង្កើតបរិយា កាសរស់នៅមួយដែលមនុស្សចាស់ទទួលបានការគោរព សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជាប្រចាំ មិនមែនត្រឹមតែក្នុងឱកាសទិវាពិសេសនេះប៉ុណ្ណោះទេ។ ការយកចិត្តទុកដាក់តូចៗក្នុងជីវិតប្រចាំថ្ងៃ ដូចជាការសួរ សុខទុក្ខ ការជួយសម្រួលការរស់នៅ និងការចំណាយពេលនៅជាមួយមនុស្ស ចាស់ គឺជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណដែលមានតម្លៃបំផុត។
តាមរយៈការប្រារព្ធទិវានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរជំនាញពាក់ ព័ន្ធ បានបង្ហាញពីសារៈសំខាន់នៃការរួមគ្នាលើកកម្ពស់សុខុមាលភាពមនុស្សចាស់ និងជំរុញឱ្យមនុស្សគ្រប់ជំនាន់ចេះរស់នៅដោយការគោរព យោគយល់ និងជួយគាំទ្រគ្នាទៅវិញ ទៅមក ដើម្បីឱ្យមនុស្សចាស់មានភាពកក់ក្តៅក្នុងជីវិត និងឱ្យយុវជនទទួលបានមេរៀនដ៏មានតម្លៃពីអ្នកជំនាន់មុន។
ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ គឺជាការបង្ហាញពីកម្រិតនៃសីលធម៌ និងការរីកចម្រើនរបស់សង្គម។ ការគោរពមនុស្សចាស់នៅថ្ងៃនេះ ក៏ជាការបណ្តុះស្មារតីដល់មនុស្សជំនាន់ក្រោយឱ្យចេះដឹងគុណ និងចូលរួមកសាងសង្គមមួយដែលមានមនុស្សធម៌ សាមគ្គីភាព និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរសម្រាប់មនុស្សគ្រប់វ័យ៕
ដោយ ៖ ឈុនសារ៉ាត





