មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ បន្តបង្ក្រាបបទល្មើសនានាឲ្យអស់ពីក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ បានថ្លែងជំរុញអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បន្តខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមអនឡាញ ព្រមទាំងការពារដីរដ្ឋឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។

ឯកឧត្តមបានថ្លែង ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោល នយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ណែនាំដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់លើការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណូមពរ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងអនាម័យបរិស្ថាននៅមូលដ្ឋាន។ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕


ដោយ ៖ទិត ស្រ៊





