ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦--.
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអង្គការអុកស្វាមអន្តរជាតិ (Executive Director of Oxfam International)បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ការបង្ហាញជំហរបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Amitabh Behar ប្រធានអង្គការអុកស្វាមអន្តរជាតិ (Executive Director of Oxfam International) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា កម្ពុជាបានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញយុទ្ធសាស្ត្រនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញសហគមន៍ឱ្យមានភាពធន់ និងការរស់នៅដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល គឺមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តជាថ្មីទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសតួកគីយ៉េ នាពេលខាងមុខ ដើម្បីធ្វើការជំរុញ ឱ្យសហគមន៍អន្តរជាតិ មានការផ្តល់ហិរញ្ញប្បទាន អាកាសធាតុប្រកបដោយសមធម៌ ជាពិសេសដល់ប្រទេសដែលរងគ្រោះ ដូចជាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដែនកោះជាដើម។

លោកនាយកអង្គការអុកស្វាមអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព និងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកល។ អង្គការអុកស្វាមបានអះអាងជាថ្មីនូវការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកម្មវិធីជួយដល់ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ការពង្រឹងសមត្ថភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ធ្វើការជាមួយបណ្តាញសកល ដើម្បីស្វែងរកហិរញ្ញប្បទានអាកាសធាតុ ប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ប្រកបដោយចីរភាព។
លោក Amitabh Behar បានបញ្ជាក់បន្ថែមថា អង្គការអុកស្វាម នឹងនៅតែបន្តឈរជាដៃគូដ៏រឹងមាំ ក្នុងការគាំទ្រដល់យុទ្ធសាស្ត្របរិស្ថាន របស់កម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក៏ដូចជាជីវភាពរបស់សហគមន៍មូលដ្ឋាន៕
ដោយ មករា





