យុវជន និងកុមារ ២៥ រាជធានី-ខេត្ត រួមគ្នាជំរុញចលនា «៣ល្អ» ដើម្បីកសាងមូលធនមនុស្សសម្រាប់អនាគតកម្ពុជា
AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--យុវជន និងកុមារប្រមាណ ២០០នាក់ មកពី ២៥ រាជធានី-ខេត្ត បានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍ និងបង្ហាញសមិទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំង «កូនល្អ សិស្សល្អ មិត្តល្អ» ប្រចាំឆ្នាំ២០២៦ ដោយផ្តោតលើតួនាទីរបស់ក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារកម្ពុជា ក្នុងការចូលរួមកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

កម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ «តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស» បានរៀបចំឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារកម្ពុជា មានតួនាទីសំខាន់ក្នុងការជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ សាមគ្គីភាព និងចូលរួមថែរក្សាអនាម័យ ព្រមទាំងបរិស្ថានសាលារៀនឱ្យមានសោភណភាព។ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាសាធារណៈបន្តលើកទឹកចិត្ត និងគាំទ្រសកម្មភាពក្រុមប្រឹក្សាទាំងនេះឱ្យកាន់តែសកម្ម ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំនៅកម្ពុជា។

ឯកឧត្តមបានផ្តល់អនុសាសន៍ដល់យុវជន និងកុមារ ឱ្យធ្វើជាគំរូល្អក្នុងការគោរពបទបញ្ជាសាលារៀន និងច្បាប់សង្គម ជំរុញការអានសៀវភៅ ការស្រាវជ្រាវដោយខ្លួនឯង និងអនុវត្តន៍សកម្មភាព «សិស្សពូកែជួយសិស្សយឺត»។ ជាពិសេស ត្រូវពង្រឹងជំនាញទន់ ការដោះស្រាយបញ្ហា ការធ្វើការជាក្រុម ការងារស្ម័គ្រចិត្ត និងការចូលរួមបង្កើតសាលារៀនស្អាត បៃតង ព្រមទាំងប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងចៀសឆ្ងាយពីគ្រឿងញៀន។

ការជំរុញចលនា «កូនល្អ សិស្សល្អ មិត្តល្អ» មិនត្រឹមតែជួយបណ្តុះទម្លាប់ល្អ និងការទទួលខុសត្រូវក្នុងចំណោមសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់អភិវឌ្ឍយុវជនឱ្យមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សុខភាពល្អ និងសីលធម៌ ដើម្បីក្លាយជាមូលធនមនុស្សដ៏មានសក្តានុពល ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយចីរភាព៕
ដោយ ឃុត សៅ





