យោជន៍សម្បូរបែប ជាជាងប្រថុយឆ្លងដែនខុសច្បាប់ និងមានហានិភ័យខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ សូមកុំចំណាកស្រុកដោយខុសច្បាប់ និងចាប់យកឱកាសការងារនៅក្នុងស្រុក ខណៈបច្ចុប្បន្នឱកាសការងារនៅកម្ពុជាមានជិត ៩ម៉ឺនកន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកមាតុប្រទេស គួរពិនិត្យ និងចាប់យកឱកាសការងារក្នុងស្រុកឱ្យបានច្រើន ព្រោះនៅកម្ពុជាមានឱកាសការងារជាច្រើនដែលកំពុងរងចាំបងប្អូន ទោះបី ជាបងប្អូនមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ការធ្វើការនៅក្នុងស្រុកមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍សមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យបងប្អូនរស់នៅជិតក្រុមគ្រួសារ កាត់បន្ថយចំណាយ ព្រមទាំងកសាងជីវភាពឱ្យកាន់តែមានស្ថិរភាពផងដែរ។ ដូច្នេះ សូមបងប្អូនដែលកំពុងត្រូវការឱកាសការងារសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពនៅតាមបន្ទាត់ព្រំដែន ព្រោះបងប្អូនអាចប្រឈមនឹងហានិភ័យជាច្រើន រួមមានការខាតបង់ថវិកា ការចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានប្រាក់ឈ្នួលត្រឹមត្រូវ និងមិនមានការការពារសិទ្ធិ ប្រសិនបើកើតមានវិវាទការងារ ឬគ្រោះថ្នាក់ផ្សេងៗ។

លោក ស៊ុន មេសា បានបន្តថា៖ «សូមបងប្អូនកុំប្រថុយធ្វើចំណាកស្រុកដោយខុសច្បាប់ តាមការបញ្ចុះបញ្ចូល ឬការសន្យាផ្តល់ការងារដែលមិនច្បាស់ លាស់។ ក្រសួងសូមលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារនៅក្នុងស្រុក ដែលសម្បូរបែប មានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន»។

អ្នកនាំពាក្យរូបនេះបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករដែលមានជំនាញស្រាប់សូមប្រើប្រាស់ជំនាញ និងបទពិសោធន៍ដែលទទួលបានពីការងារកន្លងមក ដើម្បីបន្តអាជីពនៅកម្ពុជា។ ចំពោះអ្នកដែលត្រូវការបង្កើនសមត្ថភាព អាចស្វែងរកឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនលទ្ធភាពទទួលបានការងារសមស្រប និងមានស្ថិរភាព។ ដោយឡែក សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលកំពុងត្រូវការឱកាសការងារ សូមទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាម៕

ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





