ខេត្តបន្ទាយមានជ័យប្រមូលចំណូលពីសេវាសុរិយោដីជាង២០ ៥៦៥លានរៀល និងជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានចប់នៅឆ្នាំ២០២៦នេះ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ដោយផ្តោតលើការពន្លឿនការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ការរៀបចំផែនការប្រើប្រាស់ដី ការកែលម្អសោភ័ណភាពក្រុង ការដោះស្រាយវិវាទដីធ្លី និងការពង្រឹងគុណភាពសេវាសាធារណៈ។

សន្និបាតនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ ក នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ មន្ទីរសម្រេចបានសមិទ្ធផលការងារជាច្រើន ពិសេសការចូលរួមប្រមូលចំណូលជូនរដ្ឋតាមរយៈកម្រៃសេវាសាធារណៈ សោហ៊ុយពន្ធប្រថាប់ត្រា និងកម្រៃសេវាសុរិយោដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន ២០.៥៦៥.០៩៤.៨៨០រៀល ស្មើនឹងប្រមាណ ៥.១៤១.២៧៤ដុល្លារអាមេរិក។

ចំពោះការងាររៀបចំដែនដី និងនគរូបនីយកម្ម មន្ទីរបានបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ព្រមទាំងប្លង់គោលប្រើប្រាស់ដីក្រុងសិរីសោភ័ណ និងប្លង់គោលនិងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែត។ ក្នុងចំណោមឃុំ សង្កាត់ទាំង៦៧ ទូទាំងខេត្ត មន្ទីរបានរៀបចំរួចរាល់ចំនួន១០ឃុំ និងកំពុងរៀបចំ ឬសហការរៀបចំចំនួន២០ឃុំ ខណៈឃុំ សង្កាត់ដែលនៅសេសសល់ នឹងបន្តសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីជំរុញការរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ។

ដោយឡែក ការកែលម្អសោភ័ណភាពក្រុងសិរីសោភ័ណ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ដោយចាប់ផ្តើមពីផ្លូវមេ៥ខ្សែ ក្នុងក្រុង តាមរយៈការរៀបចំដាំដើមឈើអមសងខាងផ្លូវ បំពាក់ភ្លើងបំភ្លឺផ្លូវ រៀបចំផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត និងទីតាំងបៃតង ព្រមទាំងបែងចែកផ្លូវសម្រាប់យានយន្តតាមបទដ្ឋានស្តង់ដារបច្ចេកទេស។ ទន្ទឹមនេះ មន្ទីរក៏បានសិក្សាការកែលម្អដងស្ទឹងសិរីសោភ័ណ និងតំបន់ភ្នំក្នុងក្រុង ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង។
ជាមួយគ្នានេះ មន្ទីរបានដាក់គោលដៅជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចេញបណ្ណកម្មសិទ្ធិឱ្យសម្រេចបានតាមផែនការ ដោយប្តេជ្ញាបញ្ចប់ការងារចុះបញ្ជីចេញបណ្ណនៅត្រឹមដំណាច់ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តម លីវ សុផាណ្ណារើន បានថ្លែងកោតសរសើរចំពោះក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញនៃមន្ទីរ ដែលបានខិតខំបំពេញភារកិច្ច និងសហការគ្នាក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចុះវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលបានរួមចំណែកដល់ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការគ្រប់គ្រងធនធានដីឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបានស្នើឱ្យគណៈអភិបាលខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធជាមួយមន្ទីរ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។បានណែនាំឱ្យមន្ទីរបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ លើកទឹកចិត្តមន្ត្រីដែលបំពេញការងារសកម្ម និងមានវិធានការគ្រប់គ្រងសមស្របចំពោះមន្ត្រីដែលមិនបានបំពេញភារកិច្ចតាមការកំណត់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យបន្តរៀបចំផែនការប្រើប្រាស់ដី ជាពិសេសនៅតំបន់អាទិភាពជុំវិញបឹងទន្លេសាប ដើម្បីធានាឱ្យការប្រើប្រាស់ដីមានសណ្តាប់ធ្នាប់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមថែរក្សាបឹងទន្លេសាប ដែលជាប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិដ៏សំខាន់សម្រាប់កូនចៅជំនាន់ក្រោយ។
ក្រៅពីការងារសុរិយោដី ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ និងប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ សន្សំពេលវេលា និងបង្កើនភាពងាយស្រួលក្នុងការទទួលសេវា។
ជាមួយគ្នានេះ ការគ្រប់គ្រងដំណើរការសាងសង់ និងការដ្ឋានសំណង់ទាំងអស់ ក៏ជាចំណុចដែលត្រូវបន្តយកចិត្តទុកដាក់ ដោយត្រូវធានាថាការសាងសង់ប្រព្រឹត្តទៅស្របតាមស្តង់ដារគុណភាព និងបច្ចេកទេស ដើម្បីធានាភាពរឹងមាំ សុវត្ថិភាព សោភ័ណភាព និងអាយុកាលប្រើប្រាស់នៃសំណង់ ព្រមទាំងបង្ការហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានផ្តោតលើការបន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព ពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិ កាត់បន្ថយវិវាទដីធ្លី រៀបចំក្រុងឱ្យមានសោភ័ណភាព និងធានាគុណភាពសំណង់ ព្រមទាំងធ្វើឱ្យសេវាសាធារណៈកាន់តែមានភាពងាយស្រួល និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





