ជប៉ុនប្រកាសពីបំណងបន្តទំនាក់ទំនងជាមួយរុស្ស៊ីដើម្បីដោះស្រាយបញ្ហាផ្សេងៗ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋាភិបាលជប៉ុននៅតែប្តេជ្ញារក្សាកិច្ចសន្ទនាជាមួយប្រទេសរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាទ្វេភាគីដែលនៅសេសសល់ ខណៈដែលនៅតែបន្តអះអាងពីសិទ្ធិរបស់ខ្លួននៅលើភាគខាងត្បូងនៃកោះគូរីល។ នេះបើយោងតាមការថ្លែងរបស់លោក មីណូរុ គីហារ៉ា ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ។
ការថ្លែងនេះធ្វើឡើងស្របពេលនឹងខួបលើកទី៧០ នៃ «សេចក្តីថ្លែងការណ៍រួមរវាងសូវៀត និងជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៥៦។ សេចក្តីថ្លែងការណ៍នោះ បានបញ្ចប់ជាផ្លូវការនូវស្ថានភាពសង្គ្រាមរវាងប្រទេសទាំងពីរ ព្រមទាំងបានស្តារទំនាក់ទំនងការទូត និងពាណិជ្ជកម្មឡើងវិញ។
លោក គីហារ៉ា បាននិយាយថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពិតដែលថា បញ្ហាដែនដីភាគខាងជើង (ពាក្យដែលទីក្រុងតូក្យូប្រើសម្រាប់ហៅផ្នែកខាងត្បូងនៃកោះគូរីល) នៅតែមិនទាន់ត្រូវបានដោះស្រាយ ហើយមិនទាន់មានសន្ធិសញ្ញាសន្តិភាពណាមួយត្រូវបានចុះហត្ថលេខាជាមួយរុស្ស៊ីនៅឡើយទេ។ គោលនយោបាយរបស់ជប៉ុនក្នុងការដោះស្រាយស្ថានភាពនៃកោះភាគខាងជើងទាំងបួន និងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព គឺនៅតែមិនផ្លាស់ប្តូរឡើយ»។
លោកបានកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ចំពេលដែលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។លោក គីហារ៉ា បានបន្ថែមថា «យើងមានបំណងរក្សាទំនាក់ទំនងចាំបាច់ជាមួយរុស្ស៊ី និងបន្តខិតខំដោះស្រាយបញ្ហាផ្សេងៗដែលនៅសេសសល់»។
ទីក្រុងមូស្គូ និងទីក្រុងតូក្យូ បានធ្វើការពិគ្រោះយោបល់គ្នាអំពីសន្ធិសញ្ញាសន្តិភាពមួយ ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២ ជាផ្លូវការចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០ មក។ ឧបសគ្គចម្បងនៅតែជាការខ្វែងគំនិតគ្នាជុំវិញស្ថានភាពនៃប្រជុំកោះគូរីលភាគខាងត្បូង។
ក្រោយបញ្ចប់សង្គ្រាម ប្រជុំកោះគូរីលទាំងមូលបានក្លាយជាផ្នែកមួយនៃសហភាពសូវៀត។ ប្រទេសជប៉ុនបានជំទាស់នឹងអធិបតេយ្យភាពរបស់រុស្ស៊ីលើកោះអ៊ីទុរុប កោះគុណាស្សៀ កោះស្ស៊ីកូតាន់ និងកោះតូចៗមួយចំនួនទៀតដែលនៅក្បែរនោះ ដែលគ្មានមនុស្សរស់នៅ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ជាច្រើនលើកថា អធិបតេយ្យភាពរបស់រុស្ស៊ីលើទឹកដីទាំងនេះ គឺត្រូវបានបង្កើតឡើងស្របតាមច្បាប់អន្តរជាតិ ហើយមិនមែនជាបញ្ហាដែលអាចយកមកជជែកវែកញែកបានឡើយ។
បន្ទាប់ពីទីក្រុងតូក្យូបានដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន ទីក្រុងមូស្គូបានផ្អាកការពិគ្រោះយោបល់ជាមួយជប៉ុន ស្តីពីសន្ធិសញ្ញាសន្តិភាព។ លើសពីនេះ រុស្ស៊ីក៏បានដកខ្លួនចេញពីកិច្ចពិភាក្សាអំពីសកម្មភាពសេដ្ឋកិច្ចរួមគ្នានៅលើប្រជុំកោះគូរីលភាគខាងត្បូងផងដែរ ខណៈដែលដំណើរទស្សនកិច្ចទៅកាន់តំបន់នោះដោយអតីតអ្នករស់នៅជនជាតិជប៉ុន ក៏ត្រូវបានបញ្ឈប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





