លោក ឡាវរ៉ូវ ទៅដល់អ៊ីរ៉ង់ដើម្បីពិភាក្សាជាមួយលោក អារ៉ាកឈី អំពីការកាត់បន្ថយភាពតានតឹងក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានតាសស៍របស់រុស្ស៊ី បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានទៅដល់ទីក្រុងតេអេរ៉ង់ហើយ ដើម្បីពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ជាមួយសមភាគីអ៊ីរ៉ង់លោក អាបាស អារ៉ាកឈី ព្រមទាំងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាសាអ៊ូដ ប៉េហ្សេសគីអាន់។
ក្នុងអំឡុងពេលនៃជំនួបនៅក្នុងប្រទេសអ៊ីរ៉ង់ លោក ឡាវរ៉ូវ ក៏នឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានការជាក់ស្តែងនានា ដែលមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ ក៏ទំនងជានឹងជម្រាបជូនភាគីអ៊ីរ៉ង់អំពីលទ្ធផលសំខាន់ៗ ដែលទទួលបានពីការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងម៉ាណាម៉ា ដែលជាគោលដៅទីមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលកំណត់ឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែកក្កដា សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនានាដែលបានសម្រេចពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមុស។ ច្រកសមុទ្រនេះ គឺជាផ្លូវឆ្លងកាត់នៃពាណិជ្ជកម្មប្រេងពិភពលោកជិត ២៥% និងពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០%។បន្ទាប់មក រដ្ឋបាលសហរដ្ឋអាមេរិកបានបញ្ជាក់ជាលក្ខណៈជាក់ស្តែងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ហើយងាកទៅរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើប្រទេសនេះវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





